បាល់ទាត់អន្តរជាតិ
Barcelona ដាក់តម្លៃលក់ Jules Kounde យ៉ាងហោចណាស់ 90 លានអឺរ៉ូ
អនាគតរបស់ Jules Kounde នៅ Barcelona កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ដោយថ្មីៗនេះមានរបាយការណ៍ជាច្រើនបានអះអាងថា ក្លឹបជាច្រើនបានចាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងរូបនេះ ហើយខ្លួនគាត់ផ្ទាល់ក៏ចង់ចាកចេញពីក្លឹបយក្សកាតាឡាន់នៅរដូវក្តៅនេះដែរ។

Jules Kounde ត្រូវបានគេដឹងថា គាត់ធុញទ្រាន់នឹងការលេងនៅក្នុងតំណែងជាខ្សែការពារស្តាំ ខណៈដែលជំនាញពិតប្រាកដរបស់គាត់កាលពីនៅ Sevilla គឺជាខ្សែការពារកណ្ដាល។ យោងតាមរបាយការណ៍ថ្មីៗនេះរបស់លោក Gerard Romero បានបង្ហាញថា ក្លឹប Barcelona នឹងអនុញ្ញាតឲ្យគាត់ចាកចេញបាន ប្រសិនបើពួកគេទទួលបានការដេញថ្លៃ យ៉ាងហោចណាស់ 90 លានអឺរ៉ូ។

របាយការណ៍ពី Gerard Romero ដដែលនេះដែរបានបន្ថែមទៀតថា Kounde មិនមែនជាកីឡាករដែលស្ថិតនៅក្នុងបញ្ជីនៃការលក់ចេញរបស់ Barcelona ទេ ប៉ុន្តែអ្នកតំណាងរបស់ខ្សែការពាររូបនេះ បានព្យាយាមចរចាតម្លើងប្រាក់ខែជាមួយក្លឹប ដែលជាសញ្ញាបង្ហាញថា វាជាអ្វីដែល Barcelona មិនអាចទទួលយកបាន ហើយក៏ត្រូវបង្ខំចិត្តលក់គាត់ចេញដែរ។ ប្រសិនបើ Kounde ចាកចេញពី Barcelona មែននោះ កីឡាករដែលក្លឹបចង់នាំយកមកជំនួសគាត់គឺ Juan Foyth របស់ Villarreal។

ប្រភព: Barcablaugranes
