បាល់ទាត់អន្តរជាតិ
តោខៀវស្នើដោះដូរ Lukaku ជាមួយ Nicolo Barella

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានស្នើសុំកិច្ចព្រមព្រៀងដោះដូរកីឡាករ Nicolo Barella ជាមួយនឹងកីឡាករខ្ចីជើង Romelu Lukaku។ យ៉ាងណាមិញ Romelu Lukaku ទើបនឹងផុតលក្ខខណ្ឌនៃការខ្ចីជើងនៅ Inter Milan ហើយត្រូវត្រឡប់មកទឹកដីអង់គ្លេសវិញ ប៉ុន្តែឆ្លៀតក្នុងឱកាសនេះ Chelsea ចង់ប្រគល់ខ្សែប្រយុទ្ធរូបនេះទៅឲ្យ Inter Milan ហើយដូរយកមកវិញជាមួយនឹង Nicolo Barella។
តោខៀវ Chelsea ត្រូវបានគេដឹងថា មិនមានគម្រោងក្នុងការប្រើប្រាស់ខ្សែប្រយុទ្ធ Romelu Lukaku សម្រាប់រដូវកាលក្រោយឡើយ បើទោះបីជាគាត់បានខ្ចីជើងទៅក្លឹបអ៊ីតាលី Inter Milan ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរដោយអាចរកគ្រាប់បាល់បាន 14 គ្រាប់ និង Assists 7 ដង ក្នុងការបង្ហាញខ្លួន 37 ប្រកួតក៏ដោយ។
ដូចគ្នានេះដែរ យោងតាម Corriere dello Sport បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្លឹបតោខៀវ Chelsea បានស្នើសុំកិច្ចព្រមព្រៀង ដោយពួកគេនឹងប្រគល់ Lukaku ជាកីឡាករផ្ដាច់កុងត្រាទៅឲ្យ Inter Milan ហើយឲ្យ Inter Milan ប្រគល់ Barella មកឲ្យពួកគេវិញ។ កិច្ចព្រមព្រៀងនេះអាចនឹងសម្រេចបាន ដោយ Inter Milan ក៏ពេញចិត្តនឹង Lukaku ហើយតោខៀវ កំពុងខ្វះបេក្ខភាពខ្សែបម្រើដើម្បីមកជំនួស Mason Mount, Conor Gallagher និង N’Golo Kante ដែលត្រៀមចាកចេញ។
ប្រភព: Sportsmole