បាល់ទាត់អន្តរជាតិ
ប៉េណាល់ទីឈ្នះមួយគ្រាប់ទៅលើក្រិក Kylian Mbappe បំបែកកំណត់ត្រាពិសេសមួយ

ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain និងជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង Kylian Mbappe ត្រូវបានចារក្នុងប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ 1-0 ទៅលើក្រុមជម្រើសជាតិក្រិក ក្នុងការប្រកួត Euro 2024 វគ្គជម្រុះពូល B នៅកីឡដ្ឋាន Stade de France។
យ៉ាងណាមិញក្រុមរបស់លោក Didier Deschamps នៅតែមានទម្រង់លេងដ៏ល្អប្រសើរចាប់តាំងពីការប្រកួតវគ្គផ្ដាច់ព្រ័ត FIFA World Cup 2022 ដែលពួកគេបានចាញ់ក្រុមពពកសរអាហ្សង់ទីន។ បួនប្រកួតចុងក្រោយរបស់ក្រុមមាន់គកបារាំង មិនស្គាល់ចាញ់ទាល់តែសោះ ជាមួយនឹង ហ្គីប្រាលតា, ហូឡង់, សាធារណរដ្ឋអៀរឡង់ និងចុងក្រោយគឺក្រិកនេះឯង។
ក្រៅពីភាពខ្លាំងរបស់ក្រុមជម្រើសជាតិ Kylian Mbappe ដែលជាខ្សែប្រយុទ្ធឆ្នើម និងមានតួនាទីជាកាពីតែនក្រុមផងនោះ បានរួមចំណែកដ៏ធំក្នុងដំណើរផ្សងព្រេងកន្លងមករបស់ក្រុមជម្រើសជាតិ។ ដូចគ្នានេះដែរ ក្រោយស៊ុតបានមួយគ្រាប់តាមរយៈបាល់ប៉េណាល់ទីទៅលើក្រិក Mbappe បានបំបែកកំណត់ត្រាដោយក្លាយជាកីឡាករបារាំងដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតសម្រាប់ក្លឹប និងប្រទេសក្នុងមួយរដូវកាល ដោយស៊ុតបាន 54 គ្រាប់ លើសពីអតីតវីរបុរស Just Fontaine ដែលមានគ្រាប់សរុបចំនួន 53 គ្រាប់ កាលពីឆ្នាំ 1957-1958។
ប្រភព: Sportsmole