បាល់ទាត់អន្តរជាតិ
បិសាចក្រហមចង់នាំយក Andre Onana មកជំនួស David de Gea

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានពិភាក្សាជាមួយភ្នាក់ងាររបស់អ្នកចាំទី Andre Onana អំពីការផ្ទេរដែលអាចកើតឡើងនារដូវក្ដៅនេះរួចហើយ។ ទន្ទឹមនឹងនេះដែរ បិសាចក្រហមចង់ជ្រើសរើសបេក្ខភាពអ្នកចាំទីដៃទីមួយថ្មី បន្ទាប់ពីការចរចាត្រូវជាប់គាំងជាមួយនឹង David de Gea ដែលនឹងត្រូវផុតកុងត្រានៅចុងខែនេះ។
ដំបូងឡើយ Manchester United មានទំនុកចិត្តលើកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹង De Gea ប៉ុន្តែអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ មិនព្រមទទួលយកការបន្តកុងត្រា ដែលត្រូវកាត់ប្រាក់ខែរបស់គាត់នោះទេ។ ជាមួយនឹងរឿងរ៉ាវមិនល្អ និងការផុតកំណត់កុងត្រាក្នុងរយៈពេលមួយសប្តាហ៍ទៀតរបស់ David de Gea ក្លឹបបិសាចក្រហមបានកំណត់គោលដៅលើ Andre Onana ជាអ្នកជំនួសតំណែងដ៏សាកសមលើអ្នកចាំទីវ័យ 32 ឆ្នាំរូបនេះ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា បិសាចក្រហមបានបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេ ជាមួយនឹងការចរចារលើកិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបស់ Andre Onana គឺលោក Albert Botines។ លើសពីនេះទៀត Manchester United ក៏បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ Inter Milan រួចហើយដែរ ដោយពួកគេសង្ឃឹមថា ការផ្ទេរអាចត្រូវបានយល់ព្រមក្នុងតម្លៃប្រហែល 45 លានផោន។
ប្រភព: Sportsmole