បាល់ទាត់អន្តរជាតិ
Inter Milan បដិសេធមិនលក់ Andre Onana ទៅឲ្យបិសាចក្រហម

ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថា បានច្រានចោលការដេញថ្លៃដោយបើកចំហររបស់ក្លឹបបិសាចក្រហម Manchester United ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ពួកគេ។ បិសាចក្រហម កំពុងស្វែងរកបេក្ខភាពអ្នកចាំទីថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីចរចាកុងត្រាថ្មីមិនត្រូវរូវគ្នាជាមួយ David de Gea ដែលផុតកុងត្រានៅថ្ងៃទី 30 ខែមិថុនា ខាងមុខ។
យ៉ាងណាមិញ លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប ត្រូវបានគេដឹងថា ពេញចិត្តនឹងសមត្ថភាពរបស់អ្នកចាំទីសញ្ជាតិកាមេរូន Andre Onana ជាខ្លាំង ហើយគាត់ក៏ជឿជាក់ដែរថា កម្រិតនៃទម្រង់លេងរបស់អ្នកចាំទីរូបនេះនឹងអាចជំនួសកន្លែងរបស់ David de Gea បាន។
នាយកប្រតិបត្តិរបស់ក្លឹប Inter Milan លោក Giuseppe Marotta បានបញ្ជាក់កាលពីចុងសប្តាហ៍នេះថា ក្លឹបបិសាចក្រហម Manchester United ពិតជាចង់បានកីឡាករវ័យ 27 ឆ្នាំរូបនេះពិតមែន។ របាយការណ៍ថ្មីៗនេះដែរបានអះអាងថា បិសាចក្រហមបានដាក់សំណើរជាផ្លូវការណ៍ដើម្បីចុះហត្ថលេខាលើ Onana ដែលមានតម្លៃ 40 លានអឺរ៉ូ តែត្រូវបានបដិសេធដោយ Inter Milan។ ក្លឹបយក្សអ៊ីតាលីមួយនេះ ត្រូវបានគេដឹងថា ចង់លក់ Onana រហូតដល់ខ្ទង់ 60 លានអឺរ៉ូឯណោះ។
ប្រភព: Sportsmole