Connect with us

បាល់ទាត់អន្តរជាតិ

Inter Milan បើក​ចិត្ត​​ទទួល​យក Andre Onana ឲ្យ​ត្រឡប់​ទៅ​វិញ នា​ពេល​វេលា​ណា​មួយ​នៃ​អនាគត

Published

on

នាយក​ប្រតិបត្តិ​របស់​ក្លឹប Inter Milan លោក Giuseppe Marotta បាន​​លើក​ឡើង​ថា នឹង​អនុញ្ញាត​ឲ្យ Andre Onana ត្រឡប់​ទៅ San Siro ក្នុង​ដំណាក់​កាល​ណា​មួយ​នា​ពេល​អនាគត។ យ៉ាង​ណា​មិញ Giuseppe Marotta បាន​លើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល​អតីត​អ្នកចាំទី​របស់​ខ្លួន Andre Onana កំពុង​មាន​ទម្រង់​លេង​មិន​ល្អ​នៅ​ក្លឹប​បិសាចក្រហម Manchester United។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​កាមេរូន​រូបនេះ​បាន​ផ្លាស់​ទៅ Inter Milan ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ក្លឹប​ហូឡង់ AFC Ajax នៅ​រដូវ​ក្តៅ​ឆ្នាំ 2022។ ទម្រង់​លេង​របស់ Andre Onana ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ប្រទេស​អ៊ីតាលី​ក្នុង​អំឡុង​រដូវកាល​ឆ្នាំ 2022-2023 ដោយ​បង្ហាញ​ខ្លួន​បាន 41 ប្រកួត និង​រក្សា​បាល់មិន​ឲ្យ​ចូលសំណាញ់​ទី​បាន 19 ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​បាន​ផ្លាស់ទៅ Old Trafford កាល​ពី​ដើម​រដូវកាល​នេះ ជាមួយ​នឹង​តម្លៃ​ខ្លួន 47 លានផោន។ Onana បាន​ចុះហត្ថ​លេខា​លើ​កុងត្រា​រយៈពេល 5 ឆ្នាំ​ជាមួយ​ក្រុម​របស់​លោក Erik ten Hag ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​បាន​បង្ហាញ​ខ្លួន 11 ប្រកួត​មក​ហើយ។

ខុស​គ្នា​ស្រឡះ​កាល​ពី​នៅ Inter Milan អ្នកចាំទី​រូប​នេះ បាន​បង្ហាញ​សមត្ថភាព​មិន​ល្អ​ឡើយ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​រិះ​គន់​ផង​ដែរ។ រហូត​ដល់​ពេល​នេះ​ ប្រសិន​បើ​ទម្រង់​លេង​មិន​ល្អ​នៅ​តែ​បន្ត បិសាចក្រហម​កំពុង​ពិចារណា​ប្រើប្រាស់ Altay Bayindir ជា​អ្នកចាំទី​ដៃ​ទីពីរ ជំនួស Andre Onana វិញ។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ នាយក​ប្រតិបត្តិ​របស់​ក្លឹប Inter Milan លោក Giuseppe Marotta ត្រូវ​បាន​គេ​សួរ​អំពី​លទ្ធភាព​នៃ​ការ​វិល​ត្រឡប់​របស់ Andre Onana មក San Siro វិញ។ Marotta មិន​បាន​បដិសេធ​​ពី​ការ​វិល​ត្រឡប់​របស់​អតីត​អ្នកចាំទី​រូប​នេះ​ទៅ Inter Milan វិញ​ឡើយ និង​ថែម​ទាំង​បាន​អះអាង​ថា អ្វីៗ​សុទ្ធតែ​អាច​កើត​ឡើង​នៅ​ក្នុង​ពិភព​បាល់ទាត់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២