បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមឆក់យកកីឡាករវ័យ 18 ឆ្នាំមួយរូបដែល Real Madrid និងក្លឹបជាច្រើនចង់បាន

នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco ត្រូវបានគេរាយការណ៍ថា បានជម្រុញឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើកីឡាករមួយរូបដែលជាគោលដៅនៃការចង់បានពីក្លឹប Real Madrid គឺខ្សែបម្រើប្រយុទ្ធ Arda Guler។ ដោយឡែកបច្ចុប្បន្នកីឡាករវ័យក្មេងរូបនេះកំពុងលេងនៅក្លឹប Fenerbahce របស់លីគកំពូលនៃប្រទេសតួគី។
Arda Guler ទើបតែមានវ័យ 18 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែត្រូវបានប្រូម៉ូតឲ្យឡើងមកលេងជាមួយឈុតធំរបស់ក្លឹបតាំងពីរដូវកាលមុនមកម្ល៉េះ ហើយសរុបមកទល់នឹងពេលនេះគាត់បានបង្ហាញខ្លួន 51 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់។ កីឡាករសញ្ជាតិតួគីរូបនេះ ស្ថិតក្នុងបញ្ជីគោលដៅនៃការចង់បានរបស់ក្លឹបធំៗជាច្រើននៅអឺរ៉ុបរួមមាន៖ Barcelona, Real Madrid, Liverpool, Arsenal, AC Milan, Borussia Dortmund និង Ajax។
យោងតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា Deco មើលឃើញពីឱកាសនៃការផ្ទេរ Arda Guler ហើយមិនចង់ឲ្យកីឡាកររូបនេះធ្លាក់ក្នុងដៃក្លឹបជាគូប្រជែង Real Madrid របស់ពួកគេនៅរដូវក្តៅនេះឡើយ។ ជាលទ្ធផលគាត់បានស្នើសុំឲ្យ Barcelona ចាយលុយមួយចំនួនដើម្បីនាំយកតារាឆ្នើមរូបនេះទៅ Camp Nou ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែល Arda Guler ត្រូវបានគេមើលឃើញថា នឹងក្លាយជាកីឡាករឆ្នើមមួយរូបនាពេលអនាគត។
ប្រភព: Dailypost NG