បាល់ទាត់អន្តរជាតិ
Aymeric Laporte ចង់ចាកចេញពី Man City ប៉ុន្តែបានបដិសេធមិនចូលរួមជាមួយ Tottenham Hotspur

ខ្សែការពារ Aymeric Laporte របស់ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថា មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរទៅចូលរួមជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវក្តៅនេះឡើយ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្លឹបបច្ចប្បន្នរបស់ខ្លួន ខណៈដែលគាត់លែងជាជម្រើសដំបូងរបស់លោក Pep Guardiola ហើយ។
កីឡាករវ័យ 29 ឆ្នាំរូបនេះ ជាកីឡាករចាស់វស្សា និងជោគជ័យម្នាក់របស់ Man City ដោយបានបង្ហាញខ្លួនសរុប 179 ប្រកួត គិតចាប់តាំងពីបានផ្ទេរទៅទឹកដី Premier League ក្នុងឆ្នាំ 2018។ ទន្ទឹមនឹងនេះដែរ Laporte ធ្លាប់បានដើរតួយ៉ាងសំខាន់សម្រាប់ Man City ក្នុងការឈ្នះពានជាច្រើនគិតមកទល់នឹងពេលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលាល្អៗរបស់គាត់លែងមានទៀតហើយ ស្របពេលដែលលោក Pep Guardiola កំពុងសម្លឹងមើលការចុះហត្ថលេខាលើ Josko Gvardiol របស់ RB Leipzig ដែលជាកីឡាករមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹង Laporte ដែរ។ ជាមួយនឹងកុងត្រាដែលនៅសល់រយៈពេល 2 ឆ្នាំ មានការអះអាងជាច្រើនថា Laporte នឹងផ្ទេរទៅលេងនៅក្លឹបថ្មីក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ យោងតាម Football Insider បានឲ្យដឹងថា ទោះបីជា Laporte នឹងចាកចេញទៅក្លឹបថ្មីពិតមែន ប៉ុន្តែគាត់បានច្រានចោលសំណើរពី Tottenham Hotspur ព្រោះក្លឹបមួយនេះមិនមែនជាគោលដៅរបស់គាត់ឡើយ។
ប្រភព: Sportsmole