បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Chelsea ប្រកាសបញ្ជាក់ពីការចាកចេញរបស់ Koulibaly ទៅចូលរួមជាមួយ Al-Hilal

ក្រោយពីមានពាក្យចចាមអារ៉ាមប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅ ជាមួយនឹងកីឡាករមួយចំនួនរបស់តោខៀវ ក្នុងការផ្ទេរទៅលេងនៅ Saudi Pro League ថ្ងៃនេះ ក្លឹបតោខៀវបានប្រកាសជាផ្លូវការណ៍ហើយថា ខ្សែការពារកណ្ដាល Kalidou Koulibaly នឹងចាកចេញទៅចូលរួមជាមួយក្លឹប Al-Hilal ដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ទោះបីជាតម្លៃផ្ទេរមិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ របាយការណ៍ពីលោក Fabrizio Romano បានអះអាងថា Chelsea ទទួលបានប្រាក់ 23 លានអឺរ៉ូ (19.78 លានផោន) សម្រាប់ការលក់ខ្សែការពារសញ្ជាតិសេណេហ្គាល់រូបនេះ។ យ៉ាងណាមិញ N’Golo Kante ក៏បានបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនទៅទីនោះដែរ ដោយលេងឲ្យក្លឹប Al-Ittihad ខណៈដែល Edouard Mendy និង Hakim Ziyech ក៏ឈានដល់ការចរចាចុងក្រោយជាមួយ Al-Ahli និង Al-Nassr ដូចគ្នា។
គេដឹងថា គ្រូបង្វឹកថ្មីដែលទើបតែងតាំងលោក Mauricio Pochettino បានបើកចំហរក្នុងការលក់ Koulibaly ដោយសារតែគាត់ចង់ប្រើប្រាស់ Levi Colwill ក្នុងជម្រើសដំបូងរបស់គាត់សម្រាប់រដូវកាលថ្មីខាងមុខនេះ។ កីឡាករពីររូបផ្សេងទៀតដែលមាន Mateo Kovacic និង Kai Havertz ក៏ត្រៀមនឹងចាកចេញពីតោខៀវ Chelsea ផងដែរ ប៉ុន្តែមិនមែនជាក្លឹបនៅអារ៉ាប៊ីសាអូឌីតឡើយ។ Kovacic និង Kai Havertz ត្រូវបានផ្សារភ្ជាប់នឹងការចូលរួមជាមួយ Manchester City និង Arsenal។
ប្រភព: Sportsmole