Connect with us

បាល់ទាត់អន្តរជាតិ

Zidane បង្ហើប​ថា នឹង​វិល​ត្រឡប់​មក​កាន់​ការងារ​ជា​គ្រូ​បង្វឹក​ឡើង​វិញ នា​ពេល​ឆាប់ៗ​នេះ

Published

on

អតីត​ខ្សែ​បម្រើ និង​ជា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​លោក Zinedine Zidane បាន​និយាយ​ថា គាត់​នឹង​វិល​មក​កាន់​តំណែង​ជា​គ្រូ​បង្វឹក​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ Zinedine ទំនេរ​ពី​ការងារ​នៅ​ក្នុង​វិស័យ​បាល់ទាត់ ចាប់​តាំង​ពី​គាត់​បាន​ចាកចេញ​ពី Real Madrid ក្នុង​ឆ្នាំ 2021 មក​ម្ល៉េះ។

ក្រៅ​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ពេល​ដែល​ប្រកប​អាជីព​ជា​កីឡាករ​បាល់​ទាត់ Zinedine Zidane ក៏​ជា​មនុស្ស​ម្នាក់​ដែល​ជោគជ័យ​បំផុត ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​ក្លឹប​ផង​ដែរ។ គាត់​បាន​ដឹកនាំ Real Madrid ឲ្យ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ចំនួន​បី​ដង​ជាប់ៗ​គ្នា ដោយ​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ មិន​ទាន់​មាន​គ្រូ​បង្វឹក​រូប​ណា​ធ្វើ​បាន​ឡើយ។

កាល​ពី​ប៉ុន្មាន​ខែ​មុន Zidane បាន​បដិសេធ​សំណើរ​ពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain ដែល​ចង់​បាន​គាត់​មក​ជំនួស​កន្លែង​របស់​លោក Christophe Galtier។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ គាត់​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ និយាយ​ទៅ​កាន់ Telefoot កាល​ពី​ពេល​ថ្មីៗ​នេះ Zidane បាន​ប្រាប់​ថា៖ “ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន និង​អ្វី​ដែល​ខ្ញុំ​មិន​ចង់​បាន។ ប្រសិន​បើ​ខ្ញុំ​ឈប់​សម្រាក​ពី​ការងារ​បែប​នេះ គឺ​ដោយ​សារ​តែ​មាន​ហេតុផល​អ្វី​មួយ។ សង្ឃឹម​ថា ឆាប់ៗ​នេះ​ខ្ញុំ​នឹង​ក្លាយ​ជា​គ្រូបង្វឹក​ឡើង​វិញ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២