បាល់ទាត់អន្តរជាតិ
Mikel Arteta បង្ហើបថា ចង់ទៅដឹកនាំក្លឹបនៅអេស្ប៉ាញ ពេលចប់ការងារជាមួយ Arsenal

គ្រូបង្វឹកលោក Mikel Arteta បានជ្រើសរើសយកប្រទេសអេស្ប៉ាញថាជាគោលដៅបន្ទាប់ ដែលគាត់នឹងទៅដឹកនាំ ពេលដែលចប់ការងារនៅ Arsenal។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្លឹបកាំភ្លើងធំរូបនេះបាននិយាយថា គាត់មិនគិតច្រើនអំពីអនាគតដ៏វែងឆ្ងាយនៅពេលនេះទេ ហើយកំពុងផ្តោតទាំងស្រុងលើក្លឹបដែលគាត់កំពុងដឹកនាំ។
យ៉ាងណាមិញ Arteta ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្ទេរទៅដឹកនាំនៅ Barcelona នាពេលអនាគត ដោយមានរបាយការណ៍ថ្មីៗនេះ បានផ្សារភ្ជាប់គាត់ជាមួយនឹងក្លឹបយក្សកាតាឡាន់ ហើយអ្វីៗហាក់ដូចជាគម្រោងដែលគេបានគិតទុករួចជាស្រេចទៅហើយ ជាពិសេសលោក Xavi Hernandez ក៏បានកំណត់ពីពេលវេលានៃអនាគតរបស់ខ្លួនដែលត្រូវឈប់ដឹងនាំ Barcelona រួចហើយដែរ។
នៅពេលដែលត្រូវបានសួរថា តើគាត់នឹងទៅដឹកនាំក្លឹប Barcelona រឺ Real Madrid នាពេលអនាគតទេ? លោក Mikel Arteta បានថ្លែងទៅកាន់ FIFA ដោយសារភាពថា គាត់ចង់ត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ។ គ្រូបង្វឹកវ័យ 41 ឆ្នាំរូបនេះនិយាយថា៖ “អេស្ប៉ាញជាប្រទេសរបស់ខ្ញុំ។ ខ្ញុំបានចាកចេញអស់ជាច្រើនឆ្នាំ ហើយនៅពេលណាមួយ វាអាចជាជម្រើសមួយដើម្បីត្រឡប់ទៅលីគទីនោះវិញ ហើយទទួលបានបទពិសោធថ្មីៗមួយផ្សេងទៀត។ ប៉ុន្តែមិនមែនឥឡូវនេះទេ។
ពាក់ព័ន្ធនឹងការមកជំនួស Xavi នៅ Barcelona គាត់បានបន្ថែមថា៖ “ខ្ញុំបានស្គាល់គាត់ (Xavi) តាំងពីពួកយើងលេងជាមួយគ្នានៅ Barcelona។ អត្តចរិតរបស់គាត់ និងអារម្មណ៍របស់គាត់ចំពោះការដឹកនាំក្នុងការប្រកួត បានបញ្ជាក់យ៉ាងច្បាស់ថា Barcelona ត្រូវការមនុស្សដូចគាត់”។
ប្រភព: Dailypost NG