Connect with us

បាល់ទាត់អន្តរជាតិ

Zidane ប្រាប់​ឈ្មោះ​ក្លឹប 3 ដែល​គាត់​អាច​នឹង​ទៅ​ដឹកនាំ តែ​មិន​មាន Man United ឡើយ!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United មិន​មែន​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង 3 ដែល​លោក Zinedine Zidane អាច​នឹង​ទៅ​ដឹកនាំ​នោះ​ទេ (នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់ Mirror UK)។

គួរ​រំលឹក​ផង​ដែរ​ថា Zidane បាន​អវត្តមាន​ពី​ការងារ​ជា​គ្រូ​បង្វឹក​ចាប់តាំង​ពី​បញ្ចប់​អាជីព​ជា​លើកទី 2 របស់​គាត់​នៅ Real Madrid ក្នុង​រដូវ​ក្តៅ​ឆ្នាំ 2021។ ដូច្នេះ​ហើយ Real Madrid នៅ​តែ​ជា​ក្លឹប​តែ​មួយ​គត់​ដែល​បុរស​សញ្ជាតិ​បារាំង​រូប​នេះ ធ្លាប់​បាន​ដឹកនាំ និង​ជា​កន្លែង​ដែល​គាត់​ធ្លាប់​បាន​នាំ​ពួក​គេ​ឲ្យ​ឈ្នះ UEFA Champions League 3 រដូវកាល​ជាប់ៗ​គ្នា​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​នេះ Zinedine Zidane ហាក់​បង្ហាញ​សញ្ញា​ឲ្យ​ដឹង​ថា គាត់​ត្រៀម​នឹង​មក​ប្រឡូក​ក្នុង​ពិភពបាល់​ទាត់ ដើម្បី​ដឹកនាំ​ក្រុម​ណា​មួយ​ជា​ថ្មី​ម្ដង​ទៀត​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ មាន​ក្លឹប​ជា​ច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចង់​បាន Zidane រួម​ទាំង Man United។

ផ្ទុយ​មក​វិញ Man United ប្រហែល​មិន​មែន​ជា​ជម្រើស​របស់ Zidane ឡើយ ខណៈ​ដែល​គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​បាន​កំណត់​បញ្ជី​ឈ្មោះ​ក្រុម​ចំនួន 3 ដែល​គាត់​នឹង​ទៅ​ដឹកនាំ​រួច​មកហើយ។ អតីត​កីឡាករ​បាល់ទាត់​អាជីព​ជនជាតិ​ដាណឺម៉ាក​គឺ​លោក Thomas Gravesen បាន​រំលឹក​ពី​ការ​សន្ទនា​ឯកជន​មួយ​កាល​ពី 2 ឆ្នាំ​មុន​ជាមួយ Zidane ថា៖ “ខ្ញុំ​បាន​និយាយ​ជាមួយ Zidane នៅ​ទីក្រុង Madrid កាល​ពី 2 ឆ្នាំមុន ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា មាន​តែ​ក្រុម 3 ប៉ុណ្ណោះ​ដែល​គាត់​ចង់​ទៅ​ដឹកនាំ ហើយ​ពួកគេ​គឺ Marseille, Real Madrid និង​ក្រុម​ជម្រើស​ជាតិ​បារាំង”។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២