បាល់ទាត់អន្តរជាតិ
Ilkay Gundogan ថា Barcelona ជាក្លឹបក្នុងក្ដីស្រមៃរបស់ខ្លួន តាំងពីកុមារភាពមក

ខ្សែបម្រើ Ilkay Gundogan របស់ Manchester City បានបញ្ចប់ការផ្ទេររបស់គាត់ជាផ្លូវការណ៍ទៅកាន់ Barcelona កាលពីម្សិលមិញនេះ។ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ បានចាកចេញពី Man City នៅពេលផុតកំណត់កុងត្រា ហើយទោះបីជាលោក Pep Guardiola ក៏មិនអាចបញ្ចុះបញ្ចូលគាត់ឲ្យបន្តកុងត្រាជាមួយក្លឹបយក្សអង់គ្លេសបានដែរ ខណៈដែលរបាយការណ៍ជាច្រើនបានអះអាងថា Gundogan បានសម្រេចចិត្តរួចជាស្រេច ក្នុងការចូលរួមជាមួយ Barcelona។
Ilkay Gundogan បានចុះហត្ថលេខាលើកុងត្រារយៈពេល 2 ឆ្នាំនៅ Camp Nou ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀត។ ក្រោយការប្រកាសជាសាធារណៈអំពីរឿងនេះ Gundogan បាននិយាយទាក់ទងនឹងការផ្ទេររបស់ខ្លួនដោយអះអាងថា គាត់មកលេងក្នុងទឹកដីអេស្ប៉ាញជាមួយនឹងទឹកចិត្តនៃការស្រឡាញ់ Barcelona និងជាក្ដីស្រមៃរបស់ខ្លួនទាំងពីតូចមកម្ល៉េះ។
ខ្សែបម្រើឆ្នើមរូបនេះបាននិយាយថា៖ “ប្រសិនបើខ្ញុំនឹងចាកចេញ មានក្លឹបតែមួយគត់ក្នុងលោកដែលសមហេតុផលបំផុត វាជា Barcelona។ តាំងពីតូចមក ខ្ញុំសុបិនចង់ក្លាយជាកីឡាករដែលលេងឲ្យក្លឹបមួយនេះ។… ខ្ញុំដឹងថា នឹងមានសម្ពាធច្រើននៅ Barcelona។ ប៉ុន្តែខ្ញុំចូលចិត្តសម្ពាធ។ ខ្ញុំចូលចិត្តចាកចេញពីតំបន់សុខស្រួលរបស់ខ្ញុំ។ ខ្ញុំមិនចង់ស្វែងរកកន្លែងដែលងាយស្រួលនោះទេ។ ខ្ញុំកំពុងស្វែងរកការប្រកួតប្រជែងថ្មី។ ខ្ញុំពិតជារង់ចាំយ៉ាងអន្ទះសារ ក្នុងបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ជាកីឡាកររបស់ Barcelona”។
ប្រភព: Plaantik