បាល់ទាត់អន្តរជាតិ
ខ្សែបម្រើម្នាក់របស់ Barcelona អាចនឹងចាកចេញទៅលេងជាមួយ Cristiano Ronaldo នៅ Al-Nassr
ក្លឹប Al-Nassr របស់ Saudi Pro League បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់ខ្សែបម្រើរបស់ក្លឹប Barcelona គឺកីឡាករ Franck Kessie។ ក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីតមួយនេះចង់បាន Franck Kessie បន្ទាប់ពីពួកគេបានបរាជ័យក្នុងការចុះកិច្ចព្រមព្រៀងជាមួយ Marcelo Brozovic។

យោងតាម Football Italia បានរាយការណ៍ថា ស្ថានភាពជុំវិញការផ្ទេររបស់ Brozovic ទៅកាន់មជ្ឈិមបូព៌ាត្រូវបានប្រែប្រួល និងប្រហែលជាមិនអាចកើតឡើងឡើយ ដែលបង្ខំឲ្យក្លឹប Al-Nassr ត្រូវស្វែងរកជម្រើសផ្សេងទៀត។ គេបានដឹងថា ដំបូងឡើយ Inter Milan និង Al-Nassr បានយល់ព្រមលើតម្លៃ 23 លានអឺរ៉ូសម្រាប់ការផ្ទេរខ្សែបម្រើ Marcelo Brozovic ប៉ុន្តែ កីឡាករផ្ទាល់មិនពេញចិត្តនឹងជម្រើសផ្សេងៗនៅក្នុងរឿងនេះឡើយ។

ការអះអាងចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីតរបស់ Cristiano Ronaldo បានចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិកូតឌីវ័រ Franck Kessie របស់ Barcelona ដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានភាគរយខ្ពស់ក្នុងការចាកចេញពី Camp Nou នៅរដូវក្ដៅនេះ។ ក្លឹបអ្នកមានបុណ្យ Barcelona កំពុងព្យាយាមលក់ Franck Kessie ប៉ុន្តែមិនទាន់ជោគជ័យឡើយ។

ប្រភព: Dailypost NG
