បាល់ទាត់អន្តរជាតិ
ការរបូតគ្រាប់បាល់ដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid

ក្លឹប Real Madrid គឺជាក្លឹបដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែនេះមិនមែនមានន័យថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមិនធ្លាប់ត្រូវបានចាញ់ដ៏ធ្ងន់ធ្ងរក្រោមស្នាដៃរបស់ក្លឹបផ្សេងទៀតឡើយ ហើយការក្រឡេកមកមើលប្រវត្តិសាស្ត្រពីអតីតកាលរបស់ពួកគេក៏ជារឿងដែលយើងគួរដឹងផងដែរ។ តើ Real Madrid ធ្លាប់របូតគ្រាប់បាល់ដ៏ច្រើនបំផុតចំនួនប៉ុន្មានគ្រាប់ និងនៅពេលណាខ្លះ?
ការបរាជ័យដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid បានកើតឡើងនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 1930 ដែលជាការប្រកួតក្របខណ្ឌ La Liga ដោយ Espanyol ជាក្លឹបមកពីតំបន់កាតាឡាន់ បានលុតពួកគេជាមួយលទ្ធផល 8-1។ នៅឆ្នាំបន្ទាប់មកដល់ថ្ងៃទី 18 ខែមករា ឆ្នាំ 1931 ជាការប្រកួត La Liga ដដែលនោះ Real Madrid បានចាញ់ 6-0 ក្រោមស្នាដៃរបស់ Athletic Bilbao ហើយនេះជាការបរាជ័យដ៏ធំក្នុងទឹកដីរបស់ខ្លួនឯងលើកដំបូង។
ដោយឡែកសម្រាប់ការបរាជ័យខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតពាននៅតំបន់អឺរ៉ុប Real Madrid បានចាញ់ 5-0 ក្រោមស្នាដៃ AC Milan ជាការប្រកួត European Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៅថ្ងៃទី 19 ខែមេសាឆ្នាំ 1989។ គ្រាប់បាល់សរុបការប្រកួតទាំងពីរជើងនៅពេលនោះគឺ 6-1។
បន្តមកទៀតនៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2009 ដែលជាការប្រកួត UEFA Champions League ក្លឹបហង្សក្រហមរបស់លោក Rafa Benitez បានលុត Real Madrid 4-0 នៅក្នុងដី Anfield។ កីឡាករដែលស៊ុតបញ្ចូលទីពេលនោះគឺ Fernando Torres, Andrea Dossena និង Steven Gerrard (2 គ្រាប់ម្នាក់ឯង)។
ប្រភព: Ffootballtransfers