បាល់ទាត់អន្តរជាតិ
Liverpool កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធឆ្នើម Federico Chiesa

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងពិចារណាផ្ទេរខ្សែប្រយុទ្ធស្លាបរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Federico Chiesa ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Mohamed Salah ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
ហង្សក្រហម Liverpool ត្រូវបានគេដឹងថា បានកោតសរសើរចំពោះសមត្ថភាពរបស់ Chiesa ជាយូរមកហើយ ខណៈដែលកីឡាករវ័យ 25 ឆ្នាំរូបនេះ អាចនឹងចាកចេញពី Juventus ស្របពេលដែលក្លឹបយក្សនៅអ៊ីតាលីមួយនេះធ្លាក់កូដខ្លាំងនៅ Serie A កាលពីរដូវកាលមុន ហើយបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ 7 និងគ្មានកៅអីលេង UEFA Champions League។
របាយការណ៍ថ្មីៗនេះបានអះអាងថា ភ្នាក់ងាររបស់ Chiesa លោក Fali Ramadani បានធ្វើដំណើរទៅប្រទេសអង់គ្លេស ដើម្បីពិភាក្សាអំពីអនាគតរបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ។ ភ្នាក់ងាររបស់ Chiesa ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សាជាមួយក្លឹបធំៗមួយចំនួននៅ PL ដូចជា Liverpool, Chelsea, Arsenal និង Newcastle United។ ទន្ទឹមនឹងនេះដែរ យោងតាមកាសែត Gazzetta dello Sport បានអះអាងថា Liverpool និង Newcastle ជាក្លឹបដែល ហ៊ានចំណាយលើ Chiesa ប្រសិនបើកីឡាកររូបនេះពិតជាចាកចេញពីក្លឹបបច្ចុប្បន្ននៅរដូវក្តៅនេះមែន។
ប្រភព: Sportsmole