Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​ចាប់​អារម្មណ៍​លើ Federico Chiesa ដែល​មាន​តម្លៃ​ខ្លួន 60 លានអឺរ៉ូ

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​សេះបង្កង់ Juventus គឺ​កីឡាករ Federico Chiesa នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នា​ខែ​មករា​ឆ្នាំ​ក្រោយ។

កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​នៅ​តែ​មាន​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Juventus នៅ​ក្នុង​អំឡុង​យុទ្ធនាការ​រដូវកាល​ថ្មី 2023-2024 ដោយ​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 6 ប្រកួត ក្នុង​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី។

ទន្ទឹម​នឹង​នេះ​ដែរ កុងត្រា​បច្ចុប្បន្ន​របស់ Chiesa នៅ​ទីក្រុង Turin មាន​រយៈពេល​តិច​ជាង 2 ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​ក្លឹប​យក្ស​អ៊ីតាលី​ហាក់​ដូច​ជា​ពិបាក​នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​ឆ្នើម​រូប​នេះ​ផងដែរ ប្រសិន​បើ​ស្ថានភាព​ក្លឹប និង​ទម្រង់​លេង​របស់​ក្រុម​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

យោង​តាម​របាយការណ៍​ពី Calciomercato បាន​ឲ្យ​​ដឹង​ថា Man United កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថានភាព​ដែល Chiesa អាច​នឹង​ចាកចេញ​ពី Juventus ហើយ​ក្លឹប​បិសាចក្រហម​គ្រោង​នឹង​ផ្ទេរ​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ នៅ​ខែមករា​ឆ្នាំ 2024។ គេ​បាន​អះអាង​ថា Juventus ទំនង​ជា​នឹង​ទាមទារ​តម្លៃ​ខ្លួន​ប្រហែល​ជា 60 លានអឺរ៉ូ (52 លានផោន) សម្រាប់ Federico Chiesa។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២