Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ដាក់​សំណើរ​ខ្ចី​ជើង Kylian Mbappe

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេរា​យការណ៍​មក​ថា បាន​ពិភាក្សា​លើ​ការ​ស្នើរ​ខ្ចី​ជើង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Kylian Mbappe។ ខណៈ​ដែល​បច្ចុប្បន្ន ភាព​មិន​ច្បាស់លាស់​ជុំ​វិញ​អនាគត​របស់ Mbappe នោះ មាន​ក្លឹប​ជា​ច្រើន​ចង់​ចុះ​ហត្ថលេខា​លើ​គាត់​នៅ​រដូវក្ដៅ​នេះ។

កីឡាករ​វ័យ 24 ឆ្នាំ Kylian Mbappe បាន​បញ្ជាក់ច្បាស់លាស់​ហើយ​ថា គាត់​មិន​មាន​បំណង​​ក្នុង​​ការ​ចុះ​ហត្ថលេខា​​កុងត្រា​​ថ្មី​បន្ត​នៅ​បារាំង​លើស​ពី​រដូវកាល​ក្រោយ​នេះ​ទៀត​ទេ ពោល​គឺ​នឹង​ចាកចេញ​ពី PSG នៅ​រដូវកាល​បន្ទាប់ ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ PSG បាន​ដឹង​ថា Mbappe បាន​ស្រុះស្រួល​គ្នា​ជាមួយ Real Madrid រួច​ហើយ លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ពួកគេ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំងរូប​នេះ​ចាកចេញ​ដោយ​មិន​បាន​ចំណេញ​អ្វី​សោះ។

ជា​លទ្ធផល Paris Saint-Germain បាន​ដាក់​ខ្សែប្រយុទ្ធ​រូបនេះ ជា​កីឡាករ​ដែល​កំពុង​ត្រូវ​លក់​ចេញ។ វា​មិន​មែន​ជា​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ ក្នុង​ការ​លក់ Kylian Mbappe ព្រោះ​គាត់​ត្រូវ​បាន​ក្លឹប​ដក​ឈ្មោះ​ចេញ​ពី​កីឡាករ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល​ក្នុង​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។

ក្រុម​ម្ចាស់​ជើង​ឯក Ligue 1 លក់ Mbappe ក្នុង​តម្លៃ​ដ៏​ខ្ពស់​មួយ ហើយ​ថ្មីៗ​នេះ​ពួក​គេ​បាន​ពិភាក្សា​ជាមួយ​ក្លឹប Al-Hilal របស់ Saudi Pro League ជាមួយ​នឹង​តម្លៃ​ផ្ទេរ 259 លានផោន។ PSG ពេញ​ចិត្ត​ជាមួយ​នឹង​តម្លៃ​នេះ ប៉ុន្តែ Mbappe មិន​ចាប់​អារម្មណ៍​ក្នុង​ផ្ទេរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នោះ​ទេ។

PSG មាន​ការ​ខឹងសម្បារ​នឹង​ការ​សម្រេច​ចិត្ត​របស់ Mbappe ក្នុង​ការ​បដិសេធ​ក្លឹប Al-Hilal ហើយ​ពួកគេ​នៅ​តែ​ដោះស្រាយ​​ឲ្យ​កីឡាករ​រូប​នេះ​ចាកចេញ​ទាល់តែ​បាន។ យោងតាម​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹង​ថា Liverpool បាន​ចូល​រួម​ប្រជែង​ដើម្បី​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ផង​ដែរ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​រយៈ​ពេល​មួយ​រដូវកាល។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា ការ​ចាកចេញ​ទៅ​ទឹកដី​អង់គ្លេស​របស់ Mbappe អាច​នឹង​កើត​ឡើង ព្រោះ PSG នឹង​ទទួល​បាន​ថ្លៃ​ចំណេញ​ពី​ការ​ខ្ចីជើង ស្រប​ពេល​ដែល Mbappe នឹង​អាច​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ Real Madrid នៅ​ឆ្នាំ​​បន្ទាប់​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២