បាល់ទាត់អន្តរជាតិ
គ្រូបង្វឹក 5 រូប ដែលចាយលុយទិញកីឡាករច្រើនបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់

នៅចុងបញ្ចប់នៃរដូវកាលម្ដងៗ ការទិញលក់កីឡាករពីក្លឹបនានាជុំវិញពិភពលោកតែងតែកើតមានឡើង ដែលនោះជាការព្យាយាមពង្រឹងបន្ថែមនូវទម្រង់លេង ក៏ដូចជាកែលម្អរបញ្ហាខ្វះខាតនៅក្នុងក្រុមរបស់ពួកគេ។ យ៉ាងណាមិញ ការទិញលក់កីឡាករមិនមែនអាស្រ័យទៅលើក្លឹបទាំងស្រុងនោះទេ គឺអាស្រ័យទៅលើគ្រូបង្វឹកជាសំខាន់។
គ្រូបង្វឹក គឺជាមនុស្សដ៏សំខាន់ម្នាក់ ដែលចង្អុលបង្ហាញដល់ប្រធានក្លឹប និងថ្នាក់លើរបស់ក្លឹបថា តើកីឡាកររូបណាដែលពួកគេគួរលក់ចេញ និងគួរទិញចូល។ ពាក់ព័ន្ធនឹងរឿងនេះដែរ ថ្ងៃនេះក្រុមការងារយើងនឹងលើកយកគ្រូបង្វឹកកំពូលទាំង 5 នៅតំបន់អឺរ៉ុប ដែលធ្លាប់បានឲ្យក្លឹបចំណាយលុយផ្ទេរកីឡាករខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយយោងតាមឯកសារផ្លូវការណ៍របស់ Planet Football។
5. លោក Massimiliano Allegri – 1.08 ពាន់លានអឺរ៉ូ
Allegri បានលូកដៃយ៉ាងសកម្មក្នុងទីផ្សារផ្ទេរកីឡាករ ពេលនៅដឹកនាំក្លឹប AC Milan ហើយបន្ទាប់មកគ្រូបង្វឹករូបនេះបានចាកចេញមក Juventus។ នៅក្នុងការដឹកនាំដំបូងរបស់គាត់ ជាមួយ Juventus គាត់បានចំណាយប្រាក់ 90 លានអឺរ៉ូលើការចុះហត្ថលេខា Gonzalo Higuain។ គាត់ក៏ជាអ្នកនាំយក Cristiano Ronaldo មកទឹកដីអ៊ីតាលីផងដែរ នៅឆ្នាំ 2018 ជាមួយនឹងតម្លៃ 117 លានអឺរ៉ូ។
4. Manuel Pellegrini – 1.16 ពាន់លានអឺរ៉ូ
គ្រូបង្វឹករូបណាក៏ដោយដែលបានមកដឹកនាំ Real Madrid និង Manchester City ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងត្រូវចំណាយប្រាក់ច្រើនលើការផ្ទេរកីឡាករ។ ដូចគ្នានេះដែរ កាលនៅ Real Madrid លោក Manuel Pellegrini បានចុះហត្ថលេខាបំបែកកំណត់ត្រាចំនួនពីរលើខ្សែបម្រើ Kaka (67 លានអឺរ៉ូ) និង Cristiano Ronaldo (94 លានអឺរ៉ូ)។ ពេលទៅដឹកនាំនៅ Man City គាត់បានផ្ទេរ Kevin De Bruyne ក្នុងតម្លៃ 76 លានអឺរ៉ូពី Wolfsburg។
3. Carlo Ancelotti – 1.44 ពាន់លានអឺរ៉ូ
Ancelotti គឺជាគ្រូបង្វឹកដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបានចំណាយពេលជាច្រើននៅដឹកនាំក្លឹបមួយចំនួនដូចជា AC Milan, Real Madrid និង Chelsea។ ក្រៅពីមានឈ្មោះជាគ្រូបង្វឹកឆ្នើមនោះ Carlo Ancelotti ក៏ជាមនុស្សម្នាក់ដែលចាយលុយធំលើការផ្ទេរកីឡាករដែរ។ ការចុះហត្ថលេខាផ្ទេរដ៏ថ្លៃបំផុតរបស់គាត់គឺការនាំយក Gareth Bale ពី Tottenham Hotspur មក Real Madrid ក្នុងតម្លៃ 105 លានអឺរ៉ូ កាលពីឆ្នាំ 2013។
2. Pep Guardiola – 1.61 ពាន់លានអឺរ៉ូ
ខណៈដែលបច្ចុប្បន្ន Pep Guardiola គឺជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតម្នាក់នោះ គាត់ក៏ជាប់ឈ្មោះជាអ្នកចាយលុយផ្ទេរកីឡាករច្រើនបំផុតដែរ។ គាត់ធ្លាប់បានដឹកនាំក្លឹបធំៗ 3 ដូចជា Barcelona, Bayern Munich និងបច្ចុប្បន្ន Manchester City។ Pep Guardiola បានឲ្យក្លឹបចាយលុយ 69.5 លានអឺរ៉ូ លើការផ្ទេរ Zlatan Ibrahimovic ក្នុងឆ្នាំ 2009 ពេលនៅដឹកនាំ Barcelona។ ការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត គឺគាត់បាននាំយក Jack Grealish ក្នុងឆ្នាំ 2021 ជាមួយតម្លៃខ្លួន 100 លានផោន (113 លានអឺរ៉ូ)។
1. Jose Mourinho – 1.71 ពាន់លានអឺរ៉ូ
គ្រូបង្វឹករូបនេះមានរហ័ស្សនាមថា The Special One។ គាត់ធ្លាប់បានដឹកនាំក្លឹបជាច្រើនដូចជា Chelsea, Manchester United និង Real Madrid ហើយកំឡុងពេលគាត់ដឹកនាំនៅ Man United គ្រូបង្វឹករូបនេះបានឲ្យក្លឹបចុះហត្ថលេខាធំៗបំផុតចំនួន 3 ដោយផ្ទេរ Paul Pogba, Romelu Lukaku និង Fred ដែលមានតម្លៃសរុបជាង 220 លានអឺរ៉ូ។ Jose Mourinho ត្រូវបានជាប់ឈ្មោះនៅលេខរៀងទីមួយ ជាអ្នកចាយលុយផ្ទេរកីឡាករច្រើនជាងគ្រូបង្វឹកណាៗទាំងអស់។
ប្រភព: Sportbible