បាល់ទាត់អន្តរជាតិ
Al-Nassr ត្រៀមចរចាផ្ទេរខ្សែការពារ Clement Lenglet របស់ Barcelona
![](https://x-sportkh.com/wp-content/uploads/2023/08/article-002222-1.jpg)
ក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែការពារ Clement Lenglet របស់ Barcelona ស្របពេលដែល Tottenham Hotspur ដែលធ្លាប់ខ្ចីជើងកីឡាកររូបនេះ ក៏ចង់នាំយកគាត់ទៅទឹកដីអង់គ្លេសវិញនៅរដូវក្តៅនេះដែរ។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានចាកចេញទៅចូលរួមជាមួយ Tottenham Hotspur ពេញមួយរដូវកាល 2022-2023 ក្នុងនាមជាកីឡាករដែលខ្ចីជើង។ Lenglet បានបង្ហាញខ្លួនក្នុងការប្រកួតនៅ Premier League ចំនួន 26 ប្រកួត។ បើគ្មានឧបសគ្គណាមួយកើតឡើងទេនោះ គ្រូបង្វឹកថ្មីរបស់ Tottenham Hotspur លោក Ange Postecoglou ចង់ឲ្យក្លឹបទិញផ្ដាច់កុងត្រាខ្សែការពាររូបនេះ។
ចោលភ្នែកក្រឡេកមកមើលរឿងចាស់ដែល Clement Lenglet មានទម្រង់លេងមិនសូវល្អជាមួយ Barcelona ក្នុងអំឡុងឆ្នាំ 2021 គាត់មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំងចាប់តាំងពីខែមីនា ឆ្នាំ 2022 មក ហើយក៏បានខកខានក្នុងការធ្វើរួមដំណើរទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីខែធ្នូឆ្នាំមុនផងដែរ។
យោងតាមសារព័ត៌មាន SPORT បានឲ្យដឹងថា Tottenham Hotspur នៅតែព្យាយាមចរចាជាមួយ Barcelona លើការទិញផ្ដាច់កុងត្រារបស់ Lenglet។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះពួកគេនឹងជួបឧបសគ្គដ៏ធំមួយ ដោយក្លឹប Al-Nassr របស់ Cristiano Ronaldo ក៏កំពុងចាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នា។
ប្រភព: Sportsmole