បាល់ទាត់អន្តរជាតិ
ទីបំផុត Tottenham Hotspur ព្រមលក់ Harry Kane ទៅឲ្យ Bayern Munich ហើយ!!!

យោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នៅទីបំផុតក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានយល់ព្រមលើការដេញថ្លៃរបស់ក្លឹប Bayern Munich ហើយ លើកិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករសញ្ជាតិអង់គ្លេស Harry Kane។
យ៉ាងណាមិញ យើងបានដឹងហើយថា ក្លឹបម្ចាស់ជើងឯក Bundesliga មួយនេះ បានព្យាយាមម្ដងហើយ ម្ដងទៀត ដើម្បីចរចាផ្ទេរខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរបស់ក្លឹប Tottenham Hotspur។ ស្ទើរតែពេញមួយរដូវក្តៅទៅហើយដែលសំណើររបស់ Bayern Munich ត្រូវបានបដិសេធដោយប្រធានក្លឹបលោក Daniel Levy។
សំណើរដេញថ្លៃជាលើកទី 3 របស់ Bayern Munich ដែលមានចំនួនទឹកប្រាក់ 86 លានផោន ក៏ត្រូវបានប្រធានក្លឹប Tottenham Hotspur បដិសេធដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះមិនបានបោះបង់ការព្យាយាមរបស់ខ្លួននោះទេ ដោយពួកគេបានសម្រេចចិត្តដេញថ្លៃជាថ្មីម្ដងទៀត ហើយពេលនេះរបាយការណ៍ពី The Athletic បានឲ្យដឹងថា Tottenham Hotspur បានបើកភ្លើងខៀវចំពោះសំណើររបស់ Bayern Munich ហើយ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង 100 លានអឺរ៉ូ (86.4 លានផោន)។ ភារកិច្ចបន្ទាប់របស់ Bayern Munich គឺនឹងត្រូវចរចាលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Harry Kane តែវាមិនមែនជារឿងលំបាកដូចពេលដែលពួកគេចរចាជាមួយក្លឹបរបស់គាត់នោះទេ។
ប្រភព: Sportsmole