បាល់ទាត់អន្តរជាតិ
Roma ដាក់សំណើរខ្ចីជើង Romelu Lukaku មួយរដូវកាល

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងមានភាគរយខ្ពស់ដែលអាចនឹងខ្ចីជើងទៅក្លឹប AS Roma នៅរដូវក្ដៅនេះ។ យ៉ាងណាមិញ ទោះបីជាបានត្រឡប់មក Stamford Bridge វិញ ក៏ដោយ Lukaku មិនស្ថិតក្នុងគម្រោងនៃការប្រើប្រាស់របស់តោខៀវនោះទេ។
Chelsea នៅតែរងចាំមើលសំណើរដ៏សមរម្យមួយពីក្លឹបផ្សេងៗ ដែលចង់បានកីឡាករសញ្ជាតិបែលហ្សិករូបនេះ។ ដំបូងឡើយ Inter Milan បានពិចារណាទិញផ្ដាច់កុងត្រាគាត់ ប៉ុន្តែក្នុងខណៈដែលពួកគេកំពុងចរចាជាមួយ Chelsea នោះ Romelu Lukaku បានទាក់ទងស្ងាត់ៗជាមួយ Juventus។ ពេលនោះ Inter Milan ខឹងនឹងទង្វើរបស់ខ្សែប្រយុទ្ធរូបនេះជាខ្លាំង ហើយក៏បញ្ចប់ការចរចាជាមួយ Chelsea តែម្ដង។
ទន្ទឹមនឹងនេះដែរ Juventus ក៏មិនអាចមានលទ្ធភាពទិញយក Lukaku ជាលុយសុទ្ធដែរ លុះត្រាតែពួកគេអាចលក់ Dusan Vlahovic។ ក្លឹបសេះបង្កង់ Juventus ចង់ដោះដូរ Dusan Vlahovic ជាមួយ Lukaku ប៉ុន្តែ Vlahovic មិនចង់ផ្ទេរទៅចូលរួមជាមួយតោខៀវ Chelsea ឡើយ ហើយពេលនេះគ្រប់យ៉ាងកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង។
ស្របពេលដែលជីវិតបាល់ទាត់របស់ Romelu Lukaku ស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់នោះ របាយការណ៍ផ្សេងៗជាច្រើននៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា ក្លឹប AS Roma កំពុងតាមដានពីស្ថានភាពរបស់កីឡាករវ័យ 30 ឆ្នាំរូបនេះ។ ការចុះហត្ថលេខាលើ Lukaku ពីសំណាក់ក្លឹប Roma អាចនឹងមានភាពស្មុគស្មាញបន្តិច ប៉ុន្តែពួកគេនឹងស្នើរខ្ចីជើងខ្សែប្រយុទ្ធរូបនេះវិញ ដែលជាជម្រើសល្អជាងការចាយលុយផ្ទេរផ្ដាច់កុងត្រា។
ប្រភព: Sportsmole