បាល់ទាត់អន្តរជាតិ
Man United កំពុងពិចារណាផ្ទេរខ្សែការពារឆ្វេងដែលជាមិត្តរួមក្រុមរបស់ Messi
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើកីឡាកររបស់ក្លឹប Lyon គឺ Nicolas Tagliafico ដើម្បីមកបំពេញនូវចំណុចខ្វះខាតនៅតំបន់ការពារឆ្វេងរបស់ខ្លួន បន្ទាប់ពី Tyrell Malacia និង Luke Shaw រងរបួស ហើយត្រូវសម្រាកពីលើទីលានប្រកួតរយៈពេលយូរ។
គ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag ត្រូវបានគេអះអាងថា នៅតែចង់នាំយកកីឡាករចំណូលថ្មីជាច្រើនទៀត ដើម្បីពង្រឹងនៅតំបន់នីមួយៗនៃក្រុមរបស់ខ្លួន ប៉ុន្តែគាត់បានផ្តោតអារម្មណ៍ទៅតំបន់ការពារឆ្វេងខ្លាំង។ គ្រូបង្វឹករូបនេះក៏មើលឃើញ Nicolas Tagliafico ខណៈដែលអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាក្នុងអំឡុងពេលនៅក្លឹប AFC Ajax។
យ៉ាងណាមិញ Nicolas Tagliafico គឺជាកីឡាករសញ្ជាតិអាហ្សង់ទីន និងជាមិត្តរួមក្រុមជម្រើសជាតិជាមួយ Messi បច្ចុប្បន្ននៅមានកុងត្រាជាមួយក្លឹប Lyon រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ Nicolas Tagliafico បានចូលរួមជាមួយក្លឹប Lyon ដោយផ្ទេរពី Ajax ក្នុងតម្លៃ 4.2 លានអឺរ៉ូកាលពីឆ្នាំ 2022។ គេគិតថា ក្លឹប Lyon ទំនងជាមិនចង់លក់ Tagliafico ដែលជាកីឡាករសំខាន់របស់ពួកគេទេ បើទោះបីជាអាចចំណេញច្រើនក៏ដោយ។ យ៉ាងណារបាយការណ៍ចុងក្រោយមួយបានអះអាងថា Lyon អាចនឹងបើកចិត្តក្នុងការពិចារណាឲ្យគេខ្ចីជើងទៅ Man United បាន ជាមួយនឹងលក្ខខណ្ឌតម្រូវឲ្យបង់ប្រាក់មួយចំនួន។
ប្រភព: Sportsmole