Connect with us

បាល់ទាត់អន្តរជាតិ

Man United ត្រៀម​ប្រកាស​បេក្ខភាព​ខ្សែការពារ​ចំណូល​ថ្មី​មក​ជំនួស​កន្លែង Luke Shaw

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​ Tottenham Hotspur រួច​រាល់​នៅ​ថ្ងៃ​នេះ គឺ​កីឡាករ Sergio Reguilon។ យ៉ាង​ណា​មិញ បិសាចក្រហម​បាន​លូកដៃ​ចូល​ក្នុង​ទីផ្សារ​នាំ​យក​ខ្សែការពារ​ថ្មី បន្ទាប់​ពីរបួស​របស់ Luke Shaw និង Tyrell Malacia។

គេ​បាន​ដឹង​ថា Luke Shaw កំពុង​ប្រឈម​មុខនឹង​ការ​សម្រាក​នៅ​ក្រៅ​ទីលាន​ប្រកួត​រយៈ​ពេល​យូរ ដោយ​សារ​បញ្ហា​សាច់ដុំ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្សែការពារ​ស្លាប​ឆ្វេង​ម្នាក់​ទៀត​គឺ Tyrell Malacia ក៏​មាន​បញ្ហាសាច់​ដុំ​ដូចគ្នា។ តាម​ពិត​ទៅ​ពួក​គេ​នៅ​មាន​ខ្សែការពារ​ឆ្វេង​ម្នាក់​ទៀត​គឺ Brandon Williams ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​​បាន​យល់​ព្រម​ផ្ទេរ​ទៅ Ipswich Town កាល​ពី​សប្តាហ៍​មុន​ទៅ​ហើយ។

Diogo Dalot ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​លេង​ក្នុង​តំបន់​ការពារ​ឆ្វេង​បណ្ដោះអាសន្ន​ពេល​ប៉ះ​នឹង Nottingham Forest កាល​ពី​ថ្ងៃសៅរ៍ ប៉ុន្តែ​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Erik ten Hag បាន​មើល​ឃើញ​ថា តំបន់​ការពារ​ឆ្វេង​របស់​គាត់​មិន​ដល់​កម្រិត​នៃ​ការ​ចង់​បាន​ឡើយ ហើយ​ក៏​ស្ទើរ​ជាង​ការពារ​ស្ដាំ​ដែល​កាន់កាប់​ដោយ Aaron Wan-Bissaka ដែរ។

ក្លឹប​ម្ចាស់​ជើង​ឯក 20 សម័យ​កាល​របស់​អង់គ្លេស​មួយ​នេះ ពេញ​ចិត្ត​នឹង Marc Cucurella របស់ Chelsea ប៉ុន្តែ​មិន​បាន​សម្រេច។ ក្រោយ​មក​ទៀត​ពួក​គេ​ចង់​បាន Marcos Alonso របស់ក្លឹប Barcelona ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បដិសេធ និង​ទទូច​ថា គាត់ចង់​បន្ត​នៅ Camp Nou។ ជា​ចុង​ក្រោយ ពួក​គេ​ក៏​សម្រេច​ចិត្ត​ជ្រើសយក Reguilon ហើយ​យោង​ទៅ​តាម​របាយការណ៍​ពី The Athletic បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​របស់ Tottenham Hotspur រូប​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ផ្ទេរ​ទៅ Old Trafford។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២