បាល់ទាត់អន្តរជាតិ
Barcelona ចង់អនុវត្តន៍ច្បាប់ថ្មី មិនទិញយកកីឡាករអាយុលើសពី 30 ឆ្នាំ

នាយកផ្នែកកីឡារបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Deco ត្រូវបានគេរាយការណ៍ថា ចង់អនុវត្តន៍ច្បាប់ថ្មីមួយ ដែលហាមឃាត់ក្លឹបមិនឲ្យចុះហត្ថលេខាលើកីឡាករដែលមានអាយុលើសពី 30 ឆ្នាំ។ របាយការណ៍ពី Diario Sport បានរាយការណ៍ថា Deco កំពុងជជែកពិភាក្សាជាមួយ Xavi Hernandez ដោយចង់ជៀវវាងការចុះហត្ថលេខាផ្ទេរកីឡាករចាស់ៗបន្ថែមទៀត។
យ៉ាងណាមិញ កាលពីដើមរដូវកាលនេះ Barcelona បាននាំយកកីឡាករលើសអាយុ 30 ឆ្នាំចំនួន 3 នាក់ ដែលក្នុងនោះមាន Oriol Romeu, Inigo Martinez និង Ilkay Gundogan។ ពាក់ព័ន្ធនឹងរឿងនេះដែរ Deco គិតថា កីឡាករលើសអាយុដែលពួកគេមានគឺគ្រប់គ្រាន់ពេកហើយ។
កីឡាករអាយុច្រើន បើទៅបីជាពួកគេមានបទពិសោធន៍ចាស់ទុំ និងមិនចាំបាច់ចំណាយប្រាក់ផ្ទេរធំដុំ ប៉ុន្តែពួកគេក៏មិនអាចមានតម្លៃខ្លួនក្នុងការលក់ចេញទៅវិញដែរ ហើយវាក៏អាចជាផ្នែកមួយប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លឹប។ ប្រសិនបើច្បាប់នេះត្រូវបានអនុវត្តន៍ រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនឹងលេចឡើង គឺពាក់ព័ន្ធនឹងខ្សែការពារ Joao Cancelo។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបច្ចុប្បន្នជាកីឡាករខ្ចីជើងដែល Barcelona ត្រៀមនឹងទិញផ្ដាច់កុងត្រា ប៉ុន្តែគាត់នឹងមានអាយុ 30 ឆ្នាំ ក្នុងខែឧសភាឆ្នាំក្រោយ។
ប្រភព: Barcablaugranes