Connect with us

បាល់ទាត់អន្តរជាតិ

Thierry Henry មិន​ហ៊ាន​ស្រមៃ​ក្លាយ​ជា​គ្រូ​បង្វឹក​ដែល​អាច​ដឹកនាំ Arsenal

Published

on

អតីត​កីឡាករ​ឆ្នើម Thierry Henry បាន​ផ្តល់​ចម្លើយ​នៃ​ការ​ឆ្លើយ​តប​មួយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា តើ​គាត់​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal នៅ​ថ្ងៃ​ណា​មួយ​រឺ​ទេ? បុរស​វ័យ 46 ឆ្នាំ បាន​បដិសេធ​មិន​ឆ្លើយតប​លើ​រឿង​នេះ និង​បាន​និយាយ​ថា គាត់​មាន​ការ​គោរព​ខ្លាំង​ណាស់​ចំពោះ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប​កាំភ្លើងធំ​គឺ​លោក Mikel Arteta។

Thierry Henry ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វីរបុរស​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ ក្នុង​ប្រវត្តិសាស្ត្រ​របស់ Arsenal ដោយ​គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​នៃ​អាជីព​របស់​ខ្លួន​ជាមួយ​ក្លឹប​អង់គ្លេស​មួយ​នេះ ដោយ​​ស៊ុតបញ្ចូលទី​បាន 228 គ្រាប់ និង 103 Assists ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 377 ប្រកួត។

ក្រោយ​ពី​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់ Thierry Henry បាន​ប្រឡូក​នៅ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក ហើយ​បទពិសោធន៍​ពីរ​លើក​ដំបូង​របស់​គាត់ គឺ​ជា​ជំនួយ​ការ​គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក។ យ៉ាង​ណា​នៅ​រដូវក្ដៅ​នេះ គាត់​ត្រូវ​បាន​តែងតាំង​ឲ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​បារាំង U21 ហើយ​គាត់​នឹង​បន្ត​ដឹកនាំ​ក្រុម​យុវជន​នេះ​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក 2024 ផង​ដែរ។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​ក៏​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​ដឹកនាំ​ក្លឹប​នៅ Ligue 1 គឺ Monaco និង​ក្លឹប Montreal Impact នៅ MLS ផងដែរ។ ថ្មីៗ​នេះ Thierry Henry ត្រូវ​បាន​គេ​សួរ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា តើ​គាត់​នឹង​មាន​ក្ដី​ប្រាថ្នា​ទៅ​ដឹកនាំ Arsenal ដែល​ជាអតីត​ក្លឹប​របស់​ខ្លួន​ដែរ​ទេ? Thierry Henry ​អះអាង​ថា គាត់​នឹង​ព្យាយាម​បំភ្លេច​ក្ដី​ស្រមៃ​នេះ ដោយ​និយាយ​​បន្ថែម​ថា៖ “ខ្ញុំ​មាន​ការគោរព​ចំពោះ Mikel Arteta។ គាត់​ធ្វើ​បាន​ល្អណាស់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខ្ញុំ​បាន​ដឹង​នៅ​ពេល​គេ​និយាយ​អំពី​តំណែង​ជា​គ្រូ​បង្វឹក​របស់ Arsenal… យ៉ាង​ណា​ខ្ញុំ​​មាន​​ការ​គោរព​​ខ្លាំង​ណាស់ ​ចំពោះ​ស្ថានភាព​ក្លឹប​នៅ​ពេល​នេះ”។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២