បាល់ទាត់អន្តរជាតិ
Pep Guardiola ប្រាប់ពីចំណុចខ្លាំងរបស់ Arsenal និង Liverpool
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានអះអាងថា សមត្ថភាពរបស់ Arsenal និង Liverpool ក្នុងការរកគ្រាប់បាល់ចុងម៉ោង គឺជាផលល្អមួយដែលជួយដល់ពួកគេក្នុងការប្រជែងពាន Premier League ហើយសមត្ថភាពនេះក្រុមរបស់គាត់ពុំមានឡើយ។
យ៉ាងណាមិញ បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola បានឡើងមកកាន់កាប់តំណែងកំពូលតារាងជាថ្មីម្ដងទៀត បន្ទាប់ពីការប្រកួតម្សិលមិញដែល Liverpool បានភ្លាត់ចាញ់ Crystal Palace (1-0) ខណៈដែល Arsenal ក៏បានចាញ់ដូចគ្នា ក្រោមស្នាដៃក្រុមភ្ញៀវ Aston Villa (2-0)។
ជាមួយនឹងឱកាសឡើងទៅឈរនៅកំពូលតារាងជិតបិទរដូវកាលបែបនេះ Manchester City កំពុងសម្លឹងដល់ការឈ្នះពាន Premier League ជាលើកទី 6 របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Pep Guardiola មិនទាន់សប្បាយចិត្តពេកឡើយ ដោយអះអាងថា Arsenal និង Liverpool នៅតែអាចមានឱកាសដណ្ដើមពានលីគបាន។
Pep Guardiola បាននិយាយកាលពីពេលថ្មីៗនេះថា៖ “ភាពខុសគ្នាដ៏សំខាន់បំផុតមួយ រវាង Arsenal, Liverpool និងពួកយើងគឺថា ពួកគេបានឈ្នះពិន្ទុជាច្រើននៅក្នុងពេលវេលាកំណត់មួយ…។ ពិតណាស់! ក្រុមទាំង 3 មានការប្រកួតប្រជែងដ៏ស្វិតស្វាញដែលមិនគួរឲ្យជឿនៅរដូវកាលនេះ ប៉ុន្តែពួកគេបានឈ្នះពិន្ទុជាច្រើនដោយសារទេពកោសល្យដែលពួកគេមាន គឺការរកគ្រាប់បាល់ចុង”…។
ប្រភព: Dailypost NG