Connect with us

បាល់ទាត់អន្តរជាតិ

Rodrygo សារភាព​ថា ខ្លួន​មិន​ចង់​លេង​ក្នុង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ឡើយ!!!

Published

on

ខ្សែប្រយុទ្ធ Rodrygo របស់​ក្លឹប​អធិរាជ​ស Real Madrid បាន​សារភាព​ថា គាត់​មិន​ចូលចិត្ត ក្នុង​ការ​លេង​ជា​កីឡាករ​ខ្សែប្រយុទ្ធ​កណ្ដាល ដែល​ជា​តួនាទី​ដែល​គាត់​កំពុង​ត្រូវ​បាន​លោក Carlo Ancelotti ជា​គ្រូ​បង្វឹក​របស់​ខ្លួន​​​ស្នើ​ឲ្យ​លេង​នា​ពេល​ចុងក្រោយ​នេះ​ឡើយ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​តែងតែ​បង្ហាញ​ខ្លួន​ភាគ​ច្រើន ជាមួយ​នឹង​ការ​លេង​ក្នុង​តួនាទី​ជា​ខ្សែប្រយុទ្ធ​ស្តាំ គិត​ចាប់​តាំង​ពី​ការ​មក​ដល់ Real Madrid ដំបូងៗ​ដោយ​ផ្ទេរ​ពី​ក្លឹប Santos របស់​ប្រេស៊ីល​ក្នុង​ខែ​កក្កដា ឆ្នាំ 2019។ Rodrygo បាន​បង្ហាញ​ខ្លួន​សរុប 57 ប្រកួត ស៊ុតបញ្ចូល​ទី​បាន 19 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 11 ដង កាល​ពី​រដូវកាល​មុន (2022-2023)។

ទោះ​ជា​យ៉ាង​ណា គាត់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​លេង​ក្នុង​តួនាទី​ថ្មី​នៅ​រដូវកាល​នេះ ដែល​លេង​​ជា​ខ្សែប្រយុទ្ធ​កណ្ដាល ហើយ​តួនាទី​នេះ​ពី​មុន​មក​គឺ​កាន់​កាប់​ដោយ​អតីត​កីឡាករ​ឆ្នើម Karim Benzema។ លោក Carlo Ancelotti បាន​ផ្លាស់​ប្ដូរ​ទម្រង់​លេង​ថ្មី​នៅ​រដូវកាល​នេះ ដោយ​ប្រើប្រាស់​ប្រព័ន្ធ 4-3-1-2 ខណៈ​ដែល Jude Bellingham លេង​ជា​ខ្សែបម្រើ​ប្រយុទ្ធ​ដែល​នៅ​ក្រោយ​ខែ​ប្រយុទ្ធ​ពីរ​រូប​ខាង​លើ។

ជាមួយ​នឹង​ទម្រង់​លេង​នេះ​ដែរ Rodrygo ត្រូវ​​បានប្រើប្រាស់ជាមួយ Vinicius Junior រឺ Joselu ជា​ខ្សែ​ប្រយុទ្ធ​ពីរ​ខាង​លើ។ ការ​លេង​ជា​ខ្សែប្រយុទ្ធ​បែប​នេះ គាត់រក​បាន​គ្រាប់​បាល់​ត្រឹមតែ​មួយ​គ្រាប់ និង Assist ម្ដង​ប៉ុណ្ណោះ គិត​ចាប់​តាំង​ពី​បើក​រដូវកាល​មក។

ថ្មីៗ​នេះ Rodrygo បាន​ប្រាប់​ទៅ​កាន់​កាសែត Marca ដោយ​សារភាព​ថា៖ “ខ្ញុំ​តែងតែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​សមត្ថភាព​លេង​នៅ​តំបន់​ស្លាប។ ខ្ញុំ​គ្រាន់តែ​មិន​ចូលចិត្ត​លេង​ជា​ខ្សែប្រយុទ្ធ​កណ្ដាល។ ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​ក្លឹប​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា។ សម្រាប់​ការ​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ខ្ញុំ​​មាន​​សេរីភាព​ក្នុង​ការផ្លាស់ទី​ច្រើន​ជាង”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២