បាល់ទាត់អន្តរជាតិ
ការប្រកួតជម្រុះ Euro 2024 របស់បែលហ្ស៊ិក និងស៊ុយអែត ត្រូវបានផ្អាកបណ្ដោះអាសន្ន បន្ទាប់ពីមានករណីបាញ់សម្លាប់អ្នកគាំទ្រ 2 នាក់

វាជារឿងដ៏សោកស្ដាយមួយ ដែលការប្រកួតជម្រុះ Euro 2024 របស់បែលហ្ស៊ិក និងស៊ុយអែត ត្រូវបានផ្អាកបណ្ដោះអាសន្ននៅពាក់កណ្តាលតង់ បន្ទាប់ពីមានករណីមនុស្សពីរនាក់ ត្រូវបានបាញ់សម្លាប់នៅទីក្រុងប្រ៊ុចសែល មុនពេលចាប់ផ្តើមការប្រកួត។ ក្រុមទាំងពីរបានលេងពេញតង់ទីមួយ ក្នុងលទ្ធផល 1-1 ហើយក៏សម្រេចឈប់ប្រកួតនៅពេលចប់តង់ទីមួយតែម្ដង។
យ៉ាងណាមិញខ្មាន់កាំភ្លើង មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ ហើយការបាញ់ប្រហារនេះបានកើតឡើងប្រហែល 45 នាទី មុនពេលចាប់ផ្តើមការប្រកួត និងកន្លែងកើតហេតុមានចម្ងាយ 3 ម៉ាយ (5 គីឡូម៉ែត្រ) ពីកីឡដ្ឋាន។ គេមិនទាន់ដឹងច្បាស់ទេថា តើជនរងគ្រោះដែលស្ថិតនៅក្នុងទីក្រុងព្រុចសែលនោះ ជាមនុស្សដែលមកមើលការប្រកួតនេះ រឺអត់ ប៉ុន្តែរបាយការណ៍បានអះអាងថា អ្នកទាំងពីរដែលស្លាប់នោះបានពាក់អាវក្រុមជម្រើសជាតិស៊ុយអែត។
ក្រោយផ្អាកការប្រកួត គ្រូបង្វឹកស៊ុយអែតលោក Janne Andersson បានបញ្ជាក់ថា ក្រុមរបស់លោកត្រូវបានគេប្រាប់អំពីឧបទ្ទវហេតុដែលកើតឡើងនេះ ហើយក៏បានសម្រេចចិត្តមិនបន្តការប្រកួតផងដែរ។ លោកបាននិយាយថា៖ “អ្នករាល់គ្នាសោកស្តាយខ្លាំងណាស់ ហើយកីឡាករទាំងអស់បានយល់ព្រមមិនបន្តការប្រកួត”។
ប្រភព: Skysports