បាល់ទាត់អន្តរជាតិ
Casemiro ចាត់ទុកការចាកចេញពី Real Madrid មកចូលរួមជាមួយបិសាចក្រហម ជាការសម្រេចចិត្តខុស
ថ្មីៗនេះខ្សែបម្រើ Casemiro ត្រូវបានគេដឹងថា កំពុងកើតអារម្មណ៍សោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់ ក្នុងការផ្ទេរពី Real Madrid ទៅកាន់ក្លឹបបិសាចក្រហម Manchester United។ គួររំលឹកផងដែរថា ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានផ្ទេរទៅបិសាចក្រហមកាលពីឆ្នាំមុន ក្នុងតម្លៃផ្ទេរ 61 លានផោន។
កីឡាករវ័យ 31 ឆ្នាំរូបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរដូវកាលដំបូងរបស់គាត់ក្រោមការដឹកនាំរបស់លោក Erik ten Hag ដោយគាត់បង្ហាញខ្លួនស្ទើរគ្រប់ប្រកួតរបស់ក្រុម។ ទោះជាយ៉ាងណាក៏ដោយ នៅរដូវកាលនេះ Casemiro ខកខានពីរប្រកួតចុងក្រោយទល់នឹង Sheffield United និង Copenhagen ក្នុងក្របខ័ណ្ឌ UEFA Champions League។
យោងតាមសារព័ត៌មាន Catalonian Nacional ថ្មីៗនេះបានចុះផ្សាយថា Casemiro កំពុងសោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់ ក្នុងការចាកចេញពីក្លឹបអធិរាជស Real Madrid មកចូលរួមជាមួយបិសាចក្រហម Manchester United។ ស្របពេលជាមួយគ្នានេះដែរ ក្លឹបបិសាចក្រហម ត្រូវបានគេគិតថា ក៏មិនសប្បាយចិត្តជាមួយ Casemiro ដែរ ហើយពួកគេកំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Joao Neves របស់ Benfica ដើម្បីមកជំនួសតំណែងរបស់គេទៀតផង។
ប្រភព: Sportsmole