បាល់ទាត់អន្តរជាតិ
បិសាចក្រហមចាប់អារម្មណ៍លើខ្សែបម្រើកណ្ដាល Guido Rodriguez
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់ខ្លួនទៅលើខ្សែបម្រើ Guido Rodriguez របស់ក្លឹប Real Betis។ យ៉ាងណាមិញ Rodriguez ត្រូវបានគេអះអាងថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្ដៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលដែលកុងត្រារបស់គាត់នៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ។
កីឡាករដែលធ្លាប់ឈ្នះពាន World Cup ជាមួយអាហ្សង់ទីនកាលពីឆ្នាំមុនរូបនេះ បច្ចុប្បន្នគឺជាកីឡាករដ៏សំខាន់របស់ក្លឹប Real Betis ខណៈដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាង LaLiga ផងដែរ។ ទន្ទឹមនឹងនេះ គេបានដឹងថា Real Betis កំពុងព្យាយាមចរចាកុងត្រាថ្មីជាមួយកីឡាករវ័យ 29 ឆ្នាំរូបនេះ តែលក្ខខណ្ឌនៃកុងត្រាថ្មីហាក់ដូចជាមិនបានសម្រេចឡើយ។
ក្នុងកាលៈទេសៈដែលអនាគតរបស់ Guido Rodriguez កំពុងស្ថិតក្នុងការសង្ស័យនោះ របាយការណ៍ពី Estadio Deportivo បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាក្នុងការដាក់សំណើរចរចានាំយកខ្សែបម្រើរូបនេះមក Old Trafford ក្នុងខែមករាដើមឆ្នាំក្រោយ។ របាយការណ៍នេះបានអះអាងដែរថា គ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag មានបំណងចង់បាន Rodriguez មកលេងជាជម្រើសដំបូងនៅក្នុងការប្រកួតលីគ និងដើម្បីសម្រួលបន្ទុកដល់កីឡាករផ្សេងទៀតសម្រាប់ការប្រកួតនៅ UEFA Champions League។
ប្រភព: Sportsmole