Connect with us

បាល់ទាត់អន្តរជាតិ

Bruno Fernandes ជឿជាក់​ថា ក្រុម​របស់​ខ្លួន​នៅ​តែ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល UEFA Champions League

Published

on

កាពីតែន​ក្រុម​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Bruno Fernandes នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ក្រុម​របស់​គាត់​នឹង​អាច​ឈាន​ទៅ​វគ្គ 16 ក្រុម​ចុងក្រោយ នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League បើ​ទោះ​បី​ជា​ពួក​គេ​ទើប​នឹង​ទទួល​រង​នូវ​ការ​បរាជ័យ​ដ៏​ខក​ចិត្ត ក្នុង​ការ​ប្រកួត​ទល់​នឹង Copenhagen ក៏​ដោយ។

ក្លឹប​បិសាចក្រហម​បាន​ស៊ុត​បញ្ចូលទី​នាំមុខ 2-0 ទៅ​លើ​ក្លឹប Copenhagen កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ Rasmus Hojlund គឺ​ជា​ម្ចាស់​គ្រាប់​បាល់​ទាំង 2 គ្រាប់​ដំបូង ប៉ុន្តែ Marcus Rashford បាន​ធ្វើ​ឲ្យ​មាន​កំហុស ត្រូវ​ទទួល​បាន​កាត​ក្រហម ហើយ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត។ ជា​ចុង​ក្រោយ​បិសាចក្រហម​បាន​ចាញ់ Copenhagen ក្នុង​លទ្ធផល 4-3។

ការ​បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្លឹប​បិសាចក្រហម​ធ្លាក់​ទៅ​ឈរ​នៅ​បាត​តារាង​ក្នុង​ពូល A ដោយ​មាន​ត្រឹមតែ 3 ពិន្ទុ​ប៉ុណ្ណោះ។ Man United នឹង​ធ្វើ​ដំណើរ​ទៅ​ជួប Galatasaray ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​បន្ត​ទៀត ​នៅ​ថ្ងៃទី 29 ខែ​វិច្ឆិកា មុន​ពេល​ស្វាគមន៍​ក្រុម​ភ្ញៀវ Bayern Munich នៅ​ថ្ងៃទី 12 ខែ​ធ្នូ។

បិសាចក្រហម​ប្រហែល​ជា​ត្រូវ​ការ​ឈ្នះ​ទាំង 2 ប្រកួត​ដែល​នៅ​សល់ ដើម្បីឈាន​ទៅ​វគ្គ​បន្ត ហើយ Fernandes នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ក្រុម​របស់​គាត់​នឹង​អាច​ធ្វើ​វា​បាន។ ខ្សែបម្រើ​រូប​នេះ​បាន​ប្រាប់​ទៅ​កាន់ MUTV ថា៖ “យើង​នៅ​តែ​មាន​​ជំនឿ​ចិត្ត​ដដែល ដើម្បី​ឈ្នះ​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ចែក​ពូល។ ហើយ​ឥឡូវនេះ យើង​នៅ​ដល់ 2 ប្រកួត ដែល​យើង​ត្រូវ​ឈ្នះ ប្រសិន​បើ​យើង​ចង់​បន្ត​​ដំណើរ​ផ្សងព្រេង​នៅ UEFA Champions League…។ យើង​ត្រូវ​តែ​ឈ្នះ​ជាមួយ​នឹង​សមិទ្ធិផល​ដ៏​ល្អ​បំផុត”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២