Connect with us

បាល់ទាត់អន្តរជាតិ

Arsenal លត់​ក្រុម Leeds 2-1 បន្ត​ឈរ​តំណែង Top 4 ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ

Published

on

ក្លឹប​កាំភ្លើងធំ Arsenal បាន​ស្ថិត​ក្នុង​គម្លាត​ពិន្ទុ​ជា​មួយ Tottenham ចំនួន 4 ពិន្ទុ ក្នុង​ចំណាត់​ថ្នាក់​លេខ 4 បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ជ័យជម្នះ 2-1 ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League ជាមួយ​ក្លឹប Leeds នៅ​កីឡដ្ឋាន Emirates របស់​ខ្លួន​កាល​ពី​យប់​មិញ។

ក្រុមកាំភ្លើងធំ​កំពុង​មាន​ភាគរយ​កាន់​តែ​ខ្ពស់ ក្នុង​ការ​កក់កៅ​អី​លេង UCL រដូវកាល​ក្រោយ ខណៈ​ដែល​ក្លឹប​បាន​ខកខាន​ឱកាស​លេង​ពាន​នេះ​ចាប់​ទាំង​ពី​ឆ្នាំ 2017 មក​ម្ល៉េះ។

ក្រុម​របស់ Mikel Arteta កាន់​តែ​ប្រសើរ​ឡើង បន្ទាប់​ពី​ចាប់​ផ្ដើមរដូវកាល​ជា​មួយ​នឹង​ការ​បរាជ័យ​ជា​ច្រើន​ប្រកួត។ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បាន​ល្អ​ឡើង​វិញ បន្ទាប់​ពី​កីឡាករ​លេង​បាន​ត្រូវ​នឹង​ទម្រង់​របស់​ខ្លួន ក៏​ដូច​ជា​ការ​សង់តង់​គ្នា​បាន​ល្អ​ផង​ដែរ។ 4 ប្រកួត​ចុងក្រោយ​នៅ Premier League ក្លឹប​កាំភ្លើងធំ Arsenal រក្សា​បាន​លទ្ធផល​ឈ្នះ​ទាំងអស់ ពិសេស​ឈ្នះ​លើ​ក្រុម​ធំៗ​ដូចជា Chelsea និង​បិសាចក្រហម Manchester United ជា​ដើម។

នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ គ្រាប់​បាល់​ពីរ​គ្រាប់​របស់ Arsenal រក​បាន​ដោយ​កីឡាករ Eddie Nketiah ទាំង​ពីរ​គ្រាប់ នៅ​នាទីទី 5 និង​នាទីទី 10។ ដោយ​ឡែក​គ្រាប់​បាល់​របស់ Leeds គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Diego Llorente នៅ​នាទីទី 66។ Leeds ក៏​បាន​បាត់​បង់​កីឡាករ​ម្នាក់ ដោយ​សារ​កាត​ក្រហម​ផង​ដែរ គឺ​កីឡាករ Luke Ayling នៅ​នាទីទី 27។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២