បាល់ទាត់អន្តរជាតិ
Emiliano Martinez ផ្ញើសារទៅកាន់អ្នកគាំទ្រ Arsenal ក្រោយក្រុមរបស់ខ្លួនបានយកឈ្នះ 2-0
អ្នកចាំទី Emiliano Martinez បានលើកឡើងថា គាត់នឹងនៅតែស្រឡាញ់អតីតក្លឹបចាស់ Arsenal ជានិច្ច បើទោះបីជាគាត់បានចាកចេញហើយក៏ដោយ ដែលការលើកឡើងបែបនោះបន្ទាប់ពីក្រុមរបស់ខ្លួន Aston Villa បានបង្អាក់ដំណើរក្លឹបកាំភ្លើងធំ មិនឲ្យឡើងទៅកាន់តំណែងកំពូលតារាង Premier League។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ Arsenal បានចាញ់យ៉ាងអាម៉ាស់នៅក្នុងដីរបស់ខ្លួនឯងជាមួយនឹងលទ្ធផល 2-0 ក្រោមស្នាដៃ Aston Villa។ ទន្ទឹមនឹងនេះដែរ Martinez បានបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លួន ក្នុងនាមជាអ្នកចាំទីដែលសង្គ្រោះបាល់ពីការស៊ុតជាច្រើនរបស់ Arsenal នៅក្នុងការប្រកួតនោះ។
ក្រោយការប្រកួតបញ្ចប់ទៅ Martinez បានប្រាប់ Sky Sports ថា៖ “ប្រហែលជាពេលវេលា 10-11 ឆ្នាំដែលខ្ញុំនៅទីនេះ (Arsenal)។ ខ្ញុំនៅតែមានមិត្តនៅទីនេះ។ ខ្ញុំមកទីនេះក្នុងនាមជាកូនក្មេង ហើយបានចាកចេញក្នុងនាមជាមនុស្សពេញវ័យ។ ខ្ញុំនឹងស្រឡាញ់ក្លឹបនេះជានិច្ច”។
អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំរីករាយរាល់ជ័យជំនះ ប៉ុន្តែអ្នកគាំទ្រពិតជាសំខាន់ ដែលកំពុងគាំទ្រពួកយើងទាំងការប្រកួតក្នុងដី និងក្រៅដី។ យើងបានដឹងថាការឈ្នះក្រៅដីនឹងជួយដល់ក្តីសង្ឃឹមរបស់យើងកាន់តែខ្លាំង ក្នុងការដណ្ដើមកៅអី UEFA Champions League រដូវកាលក្រោយ”។
គួរដឹងផងដែរថា បច្ចុប្បន្ននៅក្នុងតារាង Premier League ក្លឹប Man City បានឡើងមកកាន់កាប់តំណែងកំពូលតារាងជាថ្មីម្ដងទៀត ខណៈដែល Arsenal បានបាត់បង់ឱកាស ដោយសារចាញ់ Aston Villa ហើយ Liverpool ក៏ខកខានឱកាសដូចគ្នា បន្ទាប់ពីចាញ់ Crystal Palace។
ប្រភព: Metro UK