បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា Man United ក៏កំពុងចាប់អារម្មណ៍ចង់បាន Leroy Sane ដែរ
មួយរយៈចុងក្រោយនេះ មានក្លឹបជាច្រើនកំពុងត្រូវបានគេដឹងថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធឆ្នើម Leroy Sane។ នៅពេលនេះ មានបេក្ខភាពក្លឹបធំមួយទៀតហើយក៏ពេញចិត្តនឹងកីឡាករដ៏មានទេពកោលសល្យរូបនេះដែរ។ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនៃកុងត្រារបស់ Leroy Sane នៅក្លឹប Bayern Munich។
ក្លឹបបិសាចក្រហមជាក្លឹបមួយក្នុងចំណោមក្លឹបនៅ Premier League ចំនួន 3 ផ្សេងទៀតដែលចាប់អារម្មណ៍លើការចុះហត្ថលេខាផ្ទេរកីឡាករជើងឆ្វេងរូបនេះ។ អនាគតរបស់កីឡាករវ័យ 27 ឆ្នាំ Leroy Sane គឺជាប្រធានបទនៃការជជែកវែកញែកមិនដាច់ពីមាត់ឡើយ ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គាត់នៅ Allianz Arena នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2025។
អតីតក្លឹបចាស់ Manchester City ត្រូវបានគេនិយាយថា ចង់ចុះហត្ថលេខានាំយក Leroy Sane មកទឹកដីអង់គ្លេសវិញ។ ដូចគ្នានេះដែរ យោងតាមអ្នកកាសែត Ekrem Konur បានឲ្យដឹងថា ពេលនេះក្លឹបបិសាចក្រហម Manchester United កំពុងតាមដានការវិវឌ្ឍន៍របស់ Leroy Sane ដោយពួកគេចង់ទទួលបានឱកាសចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
ប្រភព: Sportsmole