បាល់ទាត់អន្តរជាតិ
ក្លឹបមួយនៅ PL ចាប់អារម្មណ៍ចង់នាំយក Roberto Firmino ត្រឡប់មកអង់គ្លេសវិញ

ក្លឹបមួយនៅ Premier League ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ Roberto Firmino ដែលកំពុងបង្ហាញសមត្ថភាពនៅក្នុងលីគកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ កីឡាករវ័យ 32 ឆ្នាំរូបនេះទើបនឹងបានផ្ទេរទៅមជ្ឈឹមបូព៌ា ដោយចូលរួមជាមួយ Al-Ahli នៅរដូវក្តៅដើមរដូវកាលនេះប៉ុណ្ណោះ បន្ទាប់ពីការចាកចេញពី Liverpool។
គិតចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួន 18 ប្រកួតនៅលីគកំពូលរបស់អារ៉ាប់ (Saudi Pro League) រដូវកាលនេះ។ ទោះជាយ៉ាងណា Roberto Firmino បានស៊ុតបញ្ចូលទីត្រឹមតែ 3 គ្រាប់ និង Assist 3 ដងប៉ុណ្ណោះ។
ដោយឡែក Roberto Firmino នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្ន Al-Ahli រហូតដល់ខែមិថុនា ឆ្នាំ 2026 ប៉ុន្តែបើយោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ នៅមានឱកាសអាចត្រឡប់មកទឹកដី Premier League វិញបាននៅឆ្នាំ 2024 ដែលទំនងជាការផ្ទេរបែបលក្ខខណ្ឌខ្ចីជើង។
យោងតាមរបាយការណ៍ដដែលនេះដែរ ក៏បានអះអាងបន្ថែមថា ក្លឹបដែលកំពុងតាមដានពីស្ថានភាពរបស់ Roberto Firmino នោះគឺក្លឹប Sheffield United ខណៈដែលមានក្លឹបមួយចំនួនទៀតដែលគេមិនបញ្ចេញឈ្មោះមកពីប្រទេសទួរគីក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធឆ្នើមរូបនេះដូចគ្នា។
ប្រភព: Sportsmole