បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ក្លឹប Juventus បដិសេធមិនឲ្យក្លឹបរបស់ខ្លួនផ្ទេរ Kalvin Phillips
គ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri ត្រូវបានគេរាយការណ៍ថា បានបដិសេធគំនិតនៃការផ្ទេរខ្សែបម្រើ Kalvin Phillips របស់ក្រុម Manchester City នាខែមករាខាងមុខ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា នឹងចាកចេញពីក្រុមរបស់លោក Pep Guardiola ក្នុងឆ្នាំ 2024។
ខ្សែបម្រើកណ្ដាល Kalvin Phillips បានបង្ហាញខ្លួនត្រឹមតែ 10 ប្រកួតប៉ុណ្ណោះសម្រាប់ Man City ក្នុងរដូវកាល 2023-2024 នេះ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ ពេលប្រកួតទល់នឹង Red Star Belgrade ដែលជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League។
កាលពីប៉ុន្មានសប្ដាហ៍មុន Juventus ត្រូវបានគេមើលឃើញថា នឹងក្លាយជាបេក្ខភាពសំខាន់ដែលមានឱកាសផ្ទេរ Kalvin Phillips។ ទោះជាយ៉ាងណា របាយការណ៍ចុងក្រោយមួយបានអះអាងថា គ្រូបង្វឹករបស់ក្លឹប Juventus មិនជឿទុកចិត្តលើសមត្ថភាពរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះឡើយ ហើយគាត់ពេញចិត្ត និងចង់បាន Hojbjerg របស់ Tottenham Hotspur ជំនួសវិញ។
ប្រភព: Sportsmole