បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 នៅ PL រួមទាំង Bayern Munich កំពុងចាប់អារម្មណ៍ចង់បាន Pedri
យោងតាមរបាយការណ៍ចុងក្រោយមួយនៅដើមឆ្នាំថ្មីនេះ បានឲ្យដឹងថា ក្លឹប Manchester City, Arsenal និង Bayern Munich កំពុងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Pedri របស់ក្លឹបអ្នកមានបុណ្យ Barcelona។ យ៉ាងណា គ្មានការសង្ស័យឡើយដែលសមត្ថភាពរបស់កីឡាករវ័យ 21 ឆ្នាំរូបនេះ ត្រូវទទួលបានការកោតសរសើរជាខ្លាំងក្នុងពិភពបាល់ទាត់។
កីឡាករវ័យក្មេងដែលធ្លាប់លេងជាមិត្តរួមក្រុមនឹង Lionel Messi កាលពីប៉ុន្មានឆ្នាំមុនរូបនេះ កំពុងក្លាយជាខ្សែបម្រើដ៏មានទេពកោសល្យបំផុត និងជាចំណែកមួយដ៏សំខាន់របស់ក្រុមបច្ចុប្បន្នរបស់ខ្លួន។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនមែនជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Barcelona នោះទេ ដោយគាត់ត្រូវបានក្លឹបយក្សកាតាឡាន់ទិញពី Las Palmas ក្នុងអំឡុងឆ្នាំ 2019។
របាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹប Barcelona បានចាត់ទុក Pedri ជាខ្សែបម្រើដ៏យូរអង្វែងរបស់ក្លឹប តែពួកគេក៏មានការព្រួយបារម្ភអំពីបញ្ហារបួសដែលអាចកើតឡើងជាញឹកញាប់លើកីឡាករឆ្នើមរូបនេះដែរ។ ដោយផ្អែកលើស្ថានភាពនេះ Man City, Arsenal និង Bayern Munich អាចនឹងស្វែងរកឱកាសចរចាផ្ទេរ Pedri នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
ប្រភព: Sportsmole