បាល់ទាត់អន្តរជាតិ
Atalanta ដាក់តម្លៃខ្លួនច្រើនជាង 50 លានផោន សម្រាប់ខ្សែការពារមួយរូបដែល Man United ចង់បាន
ក្លឹប Atalanta បានកំណត់តម្លៃខ្លួន 51.7 លានផោន សម្រាប់ក្លឹបបិសាចក្រហម Manchester United ដែលកំពុងចង់ចុះហត្ថលេខាលើកីឡាកររបស់ពួកគេគឺខ្សែការពារ Giorgio Scalvini។ យោងតាមរបាយការណ៍ពី SportItalia បានឲ្យដឹងថា Man United គឺជាក្លឹបចុងក្រោយគេក្នុងចំណោមក្លឹបជាច្រើនទៀតដែលចាប់អារម្មណ៍លើ Scalvini។
គេបានដឹងថា ថ្នាក់លើរបស់ក្លឹបបិសាចក្រហមបានបញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួនឲ្យទៅមើលពីទម្រង់លេងរបស់ខ្សែការពារឆ្នើមរូបនេះមួយរយៈពេលមកហើយ មុននឹងឈានដល់ដំណាក់កាលនៃការស៊ើបសួរតម្លៃខ្លួនរបស់គេ។ ទោះបីជា Scalvini ទើបតែមានវ័យ 20 ឆ្នាំពិតមែន តែគាត់បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអ៊ីតាលីចំនួន 7 ដងរួចទៅហើយ បន្ទាប់ពីឡើងជើងខ្លាំងនៅ Atalanta។
កីឡាករជំនាញជើងស្ដាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A នៅអាយុត្រឹមតែ 17 ឆ្នាំប៉ុណ្ណោះ ហើយគិតចាប់តាំងពីពេលនោះមក គាត់លេងឲ្យក្លឹបបច្ចុប្បន្នរបស់ខ្លួនបាន 74 ប្រកួតមកហើយ។
ការវិវត្តន៍ខ្លួនដ៏ល្អរបស់គាត់ ក៏ត្រូវបានក្លឹបក្នុងស្រុក Juventus និង AC Milan ចាប់អារម្មណ៍ខ្លាំងដែរ។ ទន្ទឹមនឹងនេះ Man United ត្រៀមនឹងចាយលុយធំលើកីឡាករវ័យក្មេងដែលអាចមានទេពកោលសល្យកាន់តែលេចធ្លោរនាពេលអនាគត។ បិសាចក្រហមចង់នាំយក Scalvini មកជំនួស Raphael Varane ដែលត្រូវបានគេរំពឹងថា អាចនឹងចាកចេញពី Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Dailypost NG