Connect with us

បាល់ទាត់អន្តរជាតិ

Getafe បដិសេធ​មិន​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ទៅ​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal

Published

on

ក្លឹប​អេស្ប៉ាញ Getafe ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ច្រានចោល​ការ​ដេញ​ថ្លៃ​ជា​ទឹកប្រាក់ 22 លានផោន​របស់ Arsenal សម្រាប់​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ Borja Mayoral ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​នេះ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Borja Mayoral គឺ​ជា​ខ្សែប្រយុទ្ធ​មួយ​រូប​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ក្លឹប។

កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​តារា​រះប្រចាំ​ទឹកដី La Liga ដោយ​រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ស៊ុតបញ្ចូលទី​បាន 12 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង ក្នុង​ការ​ប្រកួត​លីគ​សរុប​ទាំង 19 ប្រកួត។ Mayoral គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន និង​ជា​អតីត​កីឡាករ​របស់​ក្លឹប Real Madrid ប៉ុន្តែ​ពេល​នោះ​គាត់​ត្រូវ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ជា​កីឡាករ​ដែល​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេងៗ​ជា​ច្រើន​ដង។

ជា​ចុង​ក្រោយ​នៅ​ឆ្នាំ 2022 ក្លឹប Real Madrid បាន​សម្រេច​ចិត្ត​លក់​គេ​ទៅ​ឲ្យ Getafe ក្នុង​តម្លៃ​ត្រឹមតែ 10 លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា ថ្មីៗ​នេះ​យោង​តាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​តាមដាន​ការ​បង្ហាញ​សមត្ថភាព​របស់ Mayoral តាំង​ពី​ខែវិច្ឆិកា ឆ្នាំ​មុន​មក​ម្ល៉េះ។

Arsenal បាន​ដាក់​ដេញ​ថ្លៃ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ជា​ទឹកប្រាក់ 22 លានផោន ដើម្បី​ផ្ទេរ​គាត់​ទៅ​ទឹកដី​អង់គ្លេស​​នៅ​ក្នុង​ខែ​មករា​នេះ។ ផ្ទុយ​មក​វិញ Getafe បាន​បដិសេធ​សំណើរ​នេះ ហើយ​ពួក​គេ​ចង់​បាន​យ៉ាង​ហោច​ណាស់ 39 លានផោន សម្រាប់​តម្លៃ​ខ្លួន​របស់ Mayoral។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២