បាល់ទាត់អន្តរជាតិ
Barcelona បដិសេធប្រាក់ 100 លានអឺរ៉ូ ដែល Bayern Munich ត្រៀមដេញថ្លៃលើ Ronald Araujo
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងសុខចិត្តបដិសេធសំណើរជាទឹកប្រាក់ដ៏ធំរបស់ Bayern Munich សម្រាប់ការផ្ទេរខ្សែការពារ Ronald Araujo នៅក្នុងខែមករានេះ។ គ្មានការសង្ស័យឡើយ ដោយគេបានដឹងតាំងពីប៉ុន្មានខែមុនមកម្ល៉េះថា Bayern Munich ពិតជាចង់បានខ្សែការពារឆ្នើមរូបនេះ។
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយពី Cadena SER បានឲ្យដឹងថា ក្លឹប Bayern Munich នឹងសុខចិត្តហ៊ានចំណាយរហូតដល់ 100 លានអឺរ៉ូ លើសំណើរផ្ទេរ Ronald Araujo ប៉ុន្តែក្លឹបអ្នកមានបុណ្យ Barcelona មិនចាប់អារម្មណ៍ក្នុងការលក់ខ្សែការពារកណ្ដាលដែលត្រូវបានចាត់ទុកជាមរតកដ៏មានតម្លៃរបស់ក្លឹបរូបនេះឡើយ។
លើសពីនេះទៅទៀត Barcelona ចាត់ទុកកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ គឺប្រៀបដូចជារបស់មួយដែលមិនអាចមានក្លឹបណាប៉ះបានឡើយ។ ពួកគេនឹងមិនអនុញ្ញាតឲ្យគេចាកចេញទៅនោះទេ ខណៈដែលទម្រង់លេងដ៏ល្អរបស់គាត់បានក្លាយជាចំណែកមួយដ៏សំខាន់របស់ក្រុម ហើយកុងត្រារបស់កីឡាករវ័យ 24 ឆ្នាំរូបនេះមានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំ 2026 ឯណោះ។
ប្រភព: Barcablaugranes