បាល់ទាត់អន្តរជាតិ
ក្លឹបនៅអារ៉ាប់ត្រៀមចរចាផ្ទេរកីឡាករ 2 រូប របស់ហង្សក្រហម Liverpool
ក្លឹបនៅ Saudi Pro League ត្រូវបានគេដឹងថា កំពុងតែពិចារណាលើការដេញថ្លៃកីឡាករយ៉ាងហោចណាស់ 2 រូបរបស់ក្លឹបហង្សក្រហម Liverpool។ កាលពីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដើមរដូវកាលនេះ មានអតីតកីឡាករជាច្រើនរបស់ Liverpool បានផ្ទេរទៅមជ្ឈឹមបូព៌ាដូចជា Jordan Henderson, Fabinho និង Sadio Mane ជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោក Jurgen Klopp ជាគ្រូបង្វឹករបស់ក្លឹបប្រហែលជាមិនសោកស្ដាយពេកទេ សម្រាប់កីឡាករមួយចំនួនរបស់គាត់ដែលចាកចេញទៅអារ៉ាប៊ីសាអូឌីត ខណៈដែលបច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League។
នៅលើកំណត់ត្រាវិជ្ជមានសម្រាប់ Liverpool បែបនេះ គេគិតថា នៅខែមករា រឺចុងបញ្ចប់នៃរដូវកាលនេះ នឹងមានកីឡាករមួយចំនួនទៀតអាចត្រូវបានចាកចេញពី Anfield។ យោងទៅតាមរបាយការណ៍ពីអ្នកជំនាញក្នុងពិភពបាល់ទាត់គឺលោក Ben Jacobs បានឲ្យដឹងថា ក្លឹប Al Ettifaq បានពិភាក្សាគ្នា អំពីលទ្ធភាពដែលពួកគេអាចនឹងធ្វើការចុះហត្ថលេខាលើ Joe Gomez និង Joel Matip ស្របពេលដែលខ្សែការពារទាំង 2 រូបនេះ ក៏កំពុងត្រូវបានក្លឹបរបស់ខ្លួនចង់លក់ចេញផងដែរ។
ប្រភព: Sportsmole