Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ត្រៀម​បោះ​ទុន​ធំ ជាមួយ​នឹង​មហិច្ឆតា​ចង់​ចុះ​ហត្ថលេខា​លើ Joshua Kimmich

Published

on

ក្លឹប Newcastle United ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ជា​ទឹកប្រាក់​ដ៏​ធំ​មួយ ជា​មួយ​នឹង​មហិច្ឆតា​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ Joshua Kimmich របស់​ក្លឹប Bayern Munich។ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បាន​ចំណាយ​ពេល​ស្ទើរតែ​ពាក់​កណ្ដាល​អាជីព​របស់​គាត់​ជាមួយ Bayern Munich គិត​ចាប់​តាំង​ពី​ពេល​ដែល​គាត់​ចាកចេញ​ពី RB Leipzig ក្នុង​ឆ្នាំ 2015។

យ៉ាង​ណា​មិញ កីឡាករ​ជើង​ចាស់ Joshua Kimmich បាន​ទទួល​ភាព​ជោគជ័យ​ជា​ខ្លាំង គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​អំឡុង​ពេល​វេលា​របស់​គាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Bayern Munich ដោយ​បាន​ឈ្នះពាន​រង្វាន់ Bundesliga ចំនួន 8, German Super Cups ចំនួន 6, ពានរង្វាន់ DFB-Pokal ចំនួន 3, UCL 1, UEFA Super Cup និង Club World Cup ផង​ដែរ។

ខណៈ​ពេល​ដែល​កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សសរ​ទ្រូង​ដ៏​សំខាន់​របស់ Bayern Munich នោះ កុងត្រា​របស់​គាត់​នឹង​ផុត​កំណត់​នៅ​រដូវក្តៅ​ឆ្នាំ 2025 ស្រប​ពេល​ដែល​មាន​ការ​អះអាង​ថា Kimmich កំពុង​ពិចារណា​លើ​ការ​ចាកចេញ ដើម្បី​សាកល្បង​បទ​ពិសោធន៍​ថ្មី​នៅ​លីគ​ផ្សេង។

ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង Man City កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​ផ្ទេរ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ហើយបើ​យោង​តាម​របាយការណ៍​ពី Bild បាន​ឲ្យ​ដឹង​ថា ក្លឹប Newcastle ក៏​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា។ Newcastle មាន​បំណង​ចង់​ពង្រឹង​ជម្រើស​ខ្សែបម្រើ​របស់​ពួក​គេ ដោយ Joelinton កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការអវត្តមាន​ដែល​អូស​បន្លាយ​រហូត​ដល់​ចប់​រដូវកាល​នេះ ដោយ​សារ​តែ​របួស​ក្រលៀន​ធ្ងន់ធ្ងរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២