Connect with us

បាល់ទាត់អន្តរជាតិ

Greenwood យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Barcelona

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Mason Greenwood របស់​ក្លឹប​បិសាចក្រហម Manchester United ហើយ។ កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​បាន​ចាកចេញ​ពី Man United កាល​ពី​ដើម​រដូវកាល​នេះ ដើម្បី​ចូលរួម​ជាមួយ Getafe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដែល​ការ​ខ្ចី​ជើង​នោះ​មាន​សុពលភាព​ពេញ​មួយ​រដូវកាល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ មាន​ទម្រង់​លេង​ដ៏អស្ចារ្យ​ជាមួយ​ក្លឹប Getafe ដោយ​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 19 ប្រកួត។ ដោយ​ឡែក​បិសាចក្រហម​មាន​សិទ្ធិ​នាំ​យក Greenwood ត្រឡប់​ទៅ​ក្លឹប​របស់​ខ្លួន​​វិញ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល 2023-2024 នេះ ខណៈ​ដែល​កុងត្រា​របស់​គាត់​នៅ Old Trafford នៅ​មានសុពលភាព​ដល់​ឆ្នាំ 2025។

ផ្ទុយ​មក​វិញ របាយការណ៍​ជា​​ច្រើន​បាន​អះអាង​ថា Mason Greenwood មាន​ឱកាស​តិចតួច​បំផុត ក្នុង​ការ​វិល​ត្រឡប់​ទៅ​បិសាច​ក្រហម ដែល​ជា​ក្លឹប​ពី​កុមារភាព​របស់​គាត់ ស្រប​ពេល​ដែល​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ ក៏​មិន​ពេញ​ចិត្ត​នឹង​ជម្រើស​នៃ​ការ​ត្រឡប់​ទៅ​ទឹកដី​អង់គ្លេស​វិញ​ដូចគ្នា។

ក្លឹប Getafe បាន​បង្ហាញ​ពី​បំណងទិញ​ផ្ដាច់​កុងត្រា​របស់ Greenwood ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​មិន​មាន​ដើម​ទុន និងលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់កីឡាករ​ឆ្នើម​រូប​នេះ​ឡើយ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ Barcelona បាន​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ពី​សមត្ថភាព​របស់ Greenwood ហើយ​ពេល​នេះ​យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​កាតាឡាន់​ នឹង​ចុះ​ហត្ថលេខា​លើ​គាត់​បាន​សម្រេច នៅ​ក្នុង​អំឡុង​ទីផ្សារដោះដូរ​កីឡាករ​រដូវ​ក្តៅ ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គេ​បាន​ដឹង​ថា Mason Greenwood បាន​ប្រាប់​ទីប្រឹក្សា​របស់​ក្លឹប Barcelona ថា គាត់​មាន​ក្ដី​សុបិន​ចង់​ចូលរួម​ជាមួយ​ក្លឹប​របស់​ពួក​គេ​ជា​យូរ​មក​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២