បាល់ទាត់អន្តរជាតិ
លឺថា De Jong អាចនឹងចាកចេញពី Barcelona ពេលនេះតោខៀវត្រៀមកញ្ចប់ថវិកាដេញថ្លៃ 85 លានផោន
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនដាក់សំណើរ 85 លានផោន ដើម្បីប្រជែងជាមួយក្លឹបបិសាចក្រហម Manchester United ដែលកំពុងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ Barcelona។
យ៉ាងណាមិញ ខ្សែបម្រើឆ្នើមសញ្ជាតិហូឡង់រូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅទឹកដីអង់គ្លេស ដោយចូលរួមជាមួយ Man United កាលពីដើមរដូវកាលឆ្នាំ 2022 ប៉ុន្តែគាត់មានការស្ទាក់ស្ទើរក្នុងការចាកចេញពី Barcelona ដែលជាក្លឹបខ្លួនស្រឡាញ់ ហើយក៏សម្រេចចិត្តបន្តនៅទឹកដីអេស្ប៉ាញរហូតដល់ពេលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ De Jong កំពុងពិចារណាក្នុងការចាកចេញពី Barcelona ដោយសារគាត់ហាក់រងសម្ពាធខ្លាំង ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះ ត្រូវបានគេគិតថា នឹងចាកចេញពីក្លឹបយក្សកាតាឡាន់ នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។
តាមរបាយការណ៍ច្បាស់ការណ៍មួយបានអះអាងថា Chelsea មានគំនិតជាក់លាក់ក្នុងការដេញថ្លៃ 85 លានផោន ដើម្បីចុះហត្ថលេខាលើ De Jong ខណៈដែល Man United ដែលចង់បានខ្សែបម្រើរូបនេះដូចគ្នានោះ នឹងមិនហ៊ានចំណាយធំបែបនេះឡើយ។ ដោយឡែក Chelsea ចង់បន្ថែម De Jong នៅតំបន់បម្រើរបស់ខ្លួន បើទោះបីជាពួកគេមាន Enzo Fernandez និង Moises Caicedo ហើយក៏ដោយ។
ប្រភព: Sportsmole