បាល់ទាត់អន្តរជាតិ
Jude Bellingham រងរបួស ក្នុងការប្រកួតម្សិលមិញទល់នឹងក្លឹប Girona
លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ក្លឹប Real Madrid បានបង្ហើបឲ្យដឹងថា ខ្សែបម្រើរបស់ខ្លួន Jude Bellingham បានរងរបួសកជើង អំឡុងពេលនៃការប្រកួត La Liga ទល់នឹងក្លឹប Girona កាលពីរំលងអាធ្រាតយប់មិញនេះ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងជ័យជម្នះ 4-0 របស់ Real Madrid ដោយស៊ុតបញ្ចូលទីនៅនាទីទី 35 និងបន្ថែមគ្រាប់ទី 2 នៅនាទីទី 54។ ដោយឡែក Bellingham ត្រូវបានប្ដូរចេញនៅនាទីទី 57 នៃដើមតង់ទី 2 ដោយខ្សែបម្រើរូបនេះ ស្ថិតក្នុងស្ថានភាពមិនស្រួល។
ក្រោយចប់ការប្រកួតលោក Carlo Ancelotti បានធ្វើការប្រៀបធៀបអំពីទេពកោសល្យរបស់ខ្សែបម្រើ Jude Bellingham ទៅនឹងអតីតវីរបុរសបាល់ទាត់ Zinedine Zidane ខណៈដែលនៅរដូវកាលនេះគាត់ស៊ុតបញ្ចូលទីបាន 20 គ្រាប់ និង Assists 8 ដងមកហើយ ក្នុងការបង្ហាញខ្លួន 29 ប្រកួត។ ទោះជាយ៉ាងណា ពេលនេះ Jude Bellingham មានរបួសកជើង តែប្រហែលជាមិនធ្ងន់ធ្ងរពេកទេសម្រាប់គាត់។
ប្រភព: Sportsmole