បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Man United កំពុងពិចារណាចង់បំពាក់កាមេរ៉ានៅលើកីឡាកររបស់ខ្លួន ក្នុងអំឡុងពេលប្រកួត
អ្នកតំណាងជាខ្សែស្រឡាយរបស់ Glazer ដែលជាម្ចាស់ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាដាក់កាមេរ៉ាបំពាក់នៅលើអាវរបស់កីឡាកររបស់ខ្លួន ដើម្បីលក់ការផ្សាយការប្រកួតដល់អ្នកគាំទ្រ។ ដោយឡែកយើងបានដឹងហើយថា បិសាចក្រហមគឺជាក្លឹបដ៏ចាស់វស្សាមួយ ដែលមានអ្នកគាំទ្រ (ហ្វេន) ច្រើនជាងគេបំផុតលំដាប់ទី 3 នៅលើពិភពលោក។
យោងតាមសេចក្ដីរាយការណ៍របស់ ESPN បានឲ្យដឹងថា៖ គំនិតនៃការដាក់កាមេរ៉ាបែបនេះ គឺក្លឹបបិសាចក្រហមសង្ឃឹមថា នឹងអាចរកបានប្រាក់ចំណូលកាន់តែច្រើនពីអ្នកគាំទ្រដែលចង់ទស្សនាជាលក្ខណៈតថភាពពិត ដោយប្រៀបដូចជា ពួកគេជាកីឡាករណាម្នាក់នៅលើទីលានប្រកួតដែរ។
បច្ចុប្បន្នថ្វីត្បិតតែ Manchester United មានទម្រង់លេងមិនសូវលេចធ្លោរខ្លាំង ប៉ុន្តែស្ថានភាពរបស់ពួកគេអាចទទួលយកបាន។ បិសាចក្រហម កំពុងឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Premier League និងកំពុងតាមប្រជែងតំណែង Top-4 ជាមួយមាន់ខ្នាយមាស Tottenham Hotspur។
ប្រភព: Telecomasia