Connect with us

បាល់ទាត់អន្តរជាតិ

Kimmich មាន​ជម្លោះ​តឹង​សរសៃ​ក ជាមួយ​ជំនួយ​ការ​របស់ Thomas Tuchel និង​កំពុង​ចង់​ចាកចេញ​ពី​ក្លឹប

Published

on

ការ​ដឹកនាំ​របស់​លោក Thomas Tuchel នៅ​ក្លឹប Bayern Munich បាន​បន្ត​បង្កើត​រឿង​រ៉ាវ​មិន​ល្អ​កាន់​តែ​ខ្លាំង​ជាមួយ​កូន​ក្រុម​របស់​ខ្លួន។ យោង​ទៅ​តាម​សេចក្ដី​រាយការណ៍​របស់ Bild បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Joshua Kimmich ថ្មីៗនេះ​បាន​កើត​មាន​ជម្លោះ​ជាមួយ​ជំនួយ​ការ​ម្នាក់​របស់ Tuchel គឺ​លោក Jolt Low បន្ទាប់​ពី​ការ​ប្រកួត​ដែល​ពួក​គេ​ចាញ់ Bochum 2-3 ហើយ​ការ​ឈ្លោះ​ប្រកែក​គ្នាកាន់​តែ​ខ្លាំង​ឡើង រហូត​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹង​សរសៃ​ក។

មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ខឹងសម្បារ​របស់ Kimmich កើត​ចេញ​ពី​ការ​ខ្វះជំនឿ​ទុក​ចិត្ត​លើ​គ្រូបង្វឹក​របស់​ខ្លួន ដោយ​សារ​តែ Tuchel ចង់​ទិញ​ខ្សែបម្រើ​ការពារ​ដែល​នឹង​មក​ជំនួស​កន្លែង​របស់​ខ្លួន។ ដោយ​ឡែក កាល​ពីប្រកួត​មុន​ទល់​នឹង Bayer Leverkusen ដែល​ពួក​គេ​បាន​រង​បរាជ័យ 0-3 ក៏​បាន​ធ្វើ​ឲ្យ Kimmich ខក​ចិត្ត​ខ្លាំង​ផង​ដែរ ដោយ​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ ត្រូវ​បាន Tuchel ដាក់​ឲ្យ​អង្គុយ​នៅ​កៅអី​បម្រុង ហើយ​ប្រើប្រាស់ Pavlovic និង Goretzka ជា​ជម្រើស​ដំបូង។

គួរ​រំលឹក​ផង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​មុន​គឺ​លោក Julian Nagelsmann ខ្សែបម្រើ​ឆ្នើម Joshua Kimmich គឺ​ជា​តួអង្គ​ដ៏​សំខាន់​សម្រាប់​ក្រុម ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់ Tuchel គាត់​ហាក់​ដូច​ជា​បាត់បង់​ពេល​វេលា​ប្រកួត ហើយ​ហាក់​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​គ្រូ​បង្វឹក​រូប​នេះ​ផង​ដែរ។ ដូច្នេះ​ហើយ Joshua Kimmich ពិត​ជា​នឹង​កំពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​ចាកចេញ​ពី​ក្រុម​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២