បាល់ទាត់អន្តរជាតិ
ប្រសិនបើរឿងនេះកើតឡើង Barcelona នឹងចុះហត្ថលេខាលើ David De Gea

ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងពិចារណាលើការចុះហត្ថលេខានាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David De Gea។ យោងតាមសេចក្ដីរាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា ក្លឹបកាតាឡាន់កំពុងស្វែងរកលទ្ធភាពនៃការទិញយកអតីតអ្នកចាំទី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ David De Gea ដែលបច្ចុប្បន្នមានវ័យ 33 ឆ្នាំបានចាប់ផ្តើមអាជីពរបស់គាត់នៅ Atletico Madrid ដែលជាកន្លែងគាត់ធ្លាប់បានបង្ហាញខ្លួន 84 ប្រកួត។ ក្រោយមកទៀតចាប់ពីឆ្នាំ 2011 រហូតដល់រដូវក្តៅឆ្នាំ 2023 អ្នកចាំទីឆ្នើមរូបនេះបានរួមរស់ជាមួយបិសាចក្រហម Manchester United ដោយមុនពេលចាកចេញពី Old Trafford គាត់បានបង្ហាញខ្លួនសរុបចំនួនរហូតដល់ 545 ប្រកួត។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ David De Gea មិនមានក្លឹបលេងឡើយ និងជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយ Manchester United។ អ្នកចាំទីឆ្នើមរូបនេះ អាចនឹងមានឱកាសចូលរួមជាមួយ Barcelona នៅរដូវក្ដៅខាងមុខ ខណៈដែលថ្មីៗនេះមានសេចក្តីរាយការណ៍ជាច្រើនបានអះអាងថា ក្លឹបអារ៉ាប៊ីសាអូឌីត Al-Ittihad ចាប់អារម្មណ៍ចង់ទិញយក Ter Stegen។ ប្រសិនបើអ្នកចាំទីបច្ចុប្បន្នរបស់ពួកគេចាកចេញ នោះ Barcelona នឹងមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាជាមួយ David De Gea។
ប្រភព: Dailysports