Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ឈរ​ក្នុង​គោល​ជំហរ​មិន​លក់ Heung-min Son ឡើយ ទោះ​ជា​ក្លឹប​អារ៉ាប់​ឲ្យ​លុយ​ប៉ុន្មាន​ក៏​ដោយ

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​ឆ្នើម និង​ជា​កាពីតែន​ក្រុម​ដ៏​សំខាន់​របស់​ពួក​គេ​គឺ Heung-min Son ស្រប​ពេល​ដែល​លុយ​ធំ​ពី​សំណាក់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​កំពុង​គម្រាម​កំហែង​ដល់​ពួក​គេ (នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់ Teamtalk)។

យើង​បាន​ដឹង​ហើយ​ថា Heung-min Son កំពុង​ស្ថិត​នៅ​ក្រោម​រ៉ាដា​របស់​ក្លឹប​មក​ពី​មជ្ឈិមបូព៌ា​តាំង​ពី​រដូវក្ដៅ​ឆ្នាំ​មុន​មក​ម្ល៉េះ។ កីឡាករ​បាល់ទាត់​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ នឹង​ក្លាយ​ជា​​គោលដៅ​ចម្បង​ដែល​​ក្លឹប​អារ៉ាប៊ីសាអូឌីត នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​គាត់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

កុងត្រា​បច្ចុប្បន្ន​របស់ Heung-min Son ជាមួយ​ក្លឹប​នឹង​ផុត​កំណត់​នៅ​ឆ្នាំ 2025។ ទោះ​បី​ជា​មាន​ហានិភ័យ​នៃ​ការ​បាត់បង់​កីឡាករ​រូបនេះ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​គាត់​ផុត​កុងត្រា​ក៏ដោយ ក៏ Tottenham Hotspur ត្រូវ​បាន​គេ​អះអាង​ថា នឹង​មិន​សុខ​ចិត្ត​លក់ Heung-min Son ជា​ដាច់​ខាត ទោះ​ក្នុង​តម្លៃ​នៃ​សំណើរ​នោះ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។

លើស​ពី​នេះ​ទៀត Tottenham Hotspur កំពុង​រំពឹង​ថា អាច​នឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ Heung-min Son ដែល​ជា​​កីឡាករ​ឆ្នើម​របស់​ពួក​គេ​ផង​ដែរ នៅ​រដូវក្ដៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គួរ​រំលឹក​ផង​ដែរ​ថា Heung-min Son បាន​លេងនៅ Tottenham Hotspur តាំង​ពី​ឆ្នាំ 2015 មក​ម្ល៉េះ។ រដូវកាល​នេះ​គាត់​នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់ ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​បាន 12 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 23 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២